ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំពៅលូន បានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនមុខសញ្ញាឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ០២នាក់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិ ការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ចុះធ្វើការស្រាវជ្រាវបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ដោយឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះ នៅចំណុចក្រុមទី១៤ភូមិចំបក់ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យចំនួន០២នាក់គឺម្នាក់ឈ្មោះ ជា ដារ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះសន សំរិតភេទប្រុស អាយុ ២៨ឆ្នាំអ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ រេន ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំមានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ១៩និង៥១នាទី ជនសង្ស័យចំនួន០២នាក់គឺឈ្មោះ ជា ដារ៉ូ និងឈ្មោះសន សំរិត ពួកគេបានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខៀវខ្មៅ ទៅឆក់យកកាបូបដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ រេន ស្រីនាង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូនៅលើដងផ្លូវឌុបកូន (ក្មេងតូចៗ) បណ្តាលឱ្យដាច់ខ្សែរកាបូបនិងដួលម៉ូតូនៅលើផ្លូវ រងរបួសដាច់រលាត់-ក -ស្មានិងជង្គង់ (របួសស្រាល) នៅចំណុចលើដងផ្លូវជាតិលេខ59A ក្រុមទី០៧ភូមិគីឡូ១៣ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ប៉ុន្តែមិនមានបាត់បង់សម្ភារៈអ្វីនោះទេ។
សូមជម្រាបថា ក្រៅពីការឃាត់ខ្លួនជនសង័្សយខាងលើសមត្ថកិច្ចដកហូតបានម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាវ៉េវអ៊ី ពណ៌ខៀវ ខ្មៅ សេរីឆ្នាំ២០២១មាន ស្លាកលេខ បាត់ដំបង 1H-1986 (ក្លែងក្លាយ) ដែលជនសង្ស័យបានជិះធ្វើសកម្មភាព បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដេីម្បីសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី