ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងពាណិជ្ជ បានបង្ហោះពីករណី ចេញសេចក្ដីជូនដំណឹងស្ដី: រៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតចៃពួរ ប្រទេសឥណ្ឌា។
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្មម៉ាប ក្រោមកិច្ចសហការគាំទ្ររបស់សហព័ន្ធសភាពាណិជ្ជកម្មឥណ្ឌា (FICCI) នឹងរៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតចៃពួរ ប្រទេសឥណ្ឌា។ ពិព័រណ៍ថ្មម៉ាបឥណ្ឌា គឺជាព្រឹត្តិការណ៍សកលលើវិស័យថ្ម និងផលិតផលផលិតពីថ្ម ដែលមានការតាំងបង្ហាញថ្មគ្រប់ប្រភេទ ម៉ាស៊ីនកែច្នៃថ្មី មកពីប្រទេសប្រស៊ីល ចិន អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ តួគី និង ចិនតៃវ៉ាន់ រួមមានអ្នកជំនួញអន្តរជាតិចូលរួមទស្សនាជាង១,៨០០ នាក់មកពី៥២ ប្រទេស។
ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្មម៉ាបឥណ្ឌា សូមអញ្ជើញក្រុមហ៊ុនកម្ពុជាដែលកំពុងធ្វើធុរកិច្ចលើវិស័យថ្មម៉ាប និងឧស្សាហកម្មពាក់ព័ន្ធនឹងការនាំចេញផលិតផលថ្ម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ សូមអញ្ជើញលោក-លោកស្រី ដែលជាសិប្បករ ឧស្សាហករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងលោក Mukul Rastogi នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្មម៉ាបឥណ្ឌា តាមរយៈលេខទូរស័ព្ទ +91 9829 164433 ៕
ដោយ : សហការី