ខេត្តព្រះសីហនុ ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយលោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសី ហនុ កាលពីព្រឹកមិញនេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពី បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទនៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនោះ មានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការនគរបាល ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកសន្តិបណ្ឌិត សុខ ផល បានរំលឹកពីបទបញ្ជាពីថ្នាក់ដឹកនាំ ពិសេសសម្ដេ ចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចុះអនុវត្តកិច្ចការបញ្ឈប់ សកម្មភាពល្បែងស៊ីសងអត់មានច្បាប់ និង ស្វែងរកបទល្មើសបើសិនជាមាននៅទីតាំងក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុនេះមានដូចជា បទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុស ច្បាប់ជាដើម។
បើតាមលោកសន្តិបណ្ឌិត បទល្មើសល្បែងស៊ីសងខុសច្បាប់ សម្តេចក្រឡាហោម បានប្រកាសកាល ពីសប្តាហ៍មុនហើយ សុំឱ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង មកដល់ឥឡូវនេះមានរយៈពេល៨ថ្ងៃ យើងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯងជាច្រើន ហើយ ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។
ចំពោះកិច្ចប្រជុំនៅថ្ងៃនេះ លោកសន្តិបណ្ឌិត សុខ ផល បានសង្កត់ធ្ងន់ ពីការឯកភាពគ្នា គឺបោសសម្អាតបន្ថែម ដើម្បីបញ្ឈប់ជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ។ ភារកិច្ចមានពីរដែលយើងអនុវត្ត មានដូចខាងក្រោម៖
*១.មានទីតាំងនៅ មូលដ្ឋានភូមិ ឃុំ ស្រុក តាមពិតអាជ្ញាធរមូលដ្ឋានបានបោសសម្អាតច្រើនហើយ បើនៅសេសសល់ គឺតិចតួចអាជ្ញាធរបែងចែកភារកិច្ចរបស់ក្រសួងមហាផ្ទៃ បន្តបោសសម្អាតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចបណ្តាខេត្តផ្សេងៗទៀតផងដែរ។
*២.ចំពោះ ទីតាំងផ្សេងទៀតដែលមានការសង្ស័យមានការបើកល្បែងខុសច្បាប់ស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ ក្រសួងហិរញ្ញវត្ថុ យើងនឹងទុកពេលពិនិត្យក្រោយសំដៅពិនិត្យលើអាជ្ញាប័ណ្ណដែលមានប្រសិទ្ធិភាពឬអស់សុពលភាពអាជ្ញាប័ណ្ណ យើងអត់ទាន់ចុះត្រួតពិនិត្យទុកពេលក្រោយ។
សូមបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និង សម្តេចក្រឡាហោម ស ខេង ក្រុមការងារក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ ចំនួន ៥កន្លែងនៅក្នុងក្រុងព្រះសីហនុ និង បានរកឃើញជនបរទេសចម្រុះជាតិសាសន៍៕
ដោយ៖ស តារា