ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនៅល្ងាចថ្ងៃសុក្រទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៤៥គ្រឿងទៀត នៅថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងនោះមានម៉ូតូ ៨២គ្រឿង និងរថយន្ត ៦៣គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងគូសបញ្ជាក់ថា៖ គិតថ្ងៃទី៣០ ខែកញ្ញា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១៧,៦៨៣គ្រឿង ក្នុងនោះមានម៉ូតូ ៩៤,៤១៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៣,២៦៤គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ទូរស័ព្ទ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា ទូរស័ព្ទ អត់ប័ណ្ណបើកបរ ខ្សែក្រវ៉ាត់ឆៀក និងអត់ស្លាកលេខជាដើម។
ជាមួយគ្នានេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះដែរ បានកើតឡើងចំនួន ០៤លើក ក្នុងនោះស្លាប់ចំនួន ០៦នាក់ របួសចំនួន ៥០នាក់ (របួសធ្ងន់ ០២នាក់)។ រយៈពេល២៧៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,២៨៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៣៤២នាក់ របួស ៣,១៧៣នាក់ (របួសធ្ងន់ ២,០០៤នាក់)
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)