ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន នៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានធ្វើការចុះឡោមព័ទ្ធបង្ក្រាបទីតាំងលួចលាក់ជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងមានយីហោ អឹមអិល(ML) ស្ថិតនៅជាប់ប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ មានការដឹកនាំបញ្ចាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក កៀង ល័ក្ខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ព្រមទាំងកម្លាំងជំនាញជាច្រើនផ្នែកទៀតបានសហការគ្នាចូលឆ្មក់បង្ក្រាបទីតាំងខាងលើនេះ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការ មនុស្សប្រុសស្រីដែលឃាត់ខ្លួនបាន ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ