ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រ បុកឡំប្រឺតានៅត្រង់ផ្លូវបំបែកជាបួនហើយខ្ទាតទៅបុកបង្គោលបង្ហាញចរាចរណ៍បាក់១ដើមទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរស៣នាក់រួមដំណើរក្នុងរថយន្តមួយគ្រឿងម៉ាក Land Cruiser បានបុកឡំប្រឺតានៅត្រង់ចំណុចផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឱ្យឡំប្រឺតាខ្ទាតទៅបុកបង្គោលបង្ហាញចរាចរណ៍បាក់អស់១ដើមបន្ថែមទៀតធ្វើឱ្យឡំប្រឺតារងគ្រោះខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់អូឡំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GT-9246ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួនក៏ឆ្លងផ្លូវ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-7237 ដែលបើកបរដោយបុរសម្នាក់ និងមានបុរស២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន និងបានឆ្លងផ្លូវដូចគ្នា ជ្រុលទៅបុកឡំប្រឺតាចំពីចហៀងពេញទំហឹងបណ្ដាលឱ្យឡំប្រឺតាខ្ទាតទៅបុកបង្គោលបង្ហាញចរាចរណ៍បាក់អស់១ដើម រងការខូចខាតទាំងបង្គោលបង្ហាញចរាចរណ៍និងឡំប្រឺតាយ៉ាងដំណំ ព្រមទាំងបង្កឲ្យម្ចាស់ឡំប្រឺតារងរបួសបែកក្បាលបន្តិចបន្ទួចផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្ក និងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖