ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តហាយឡេនឌ័រឡើងស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន មិនប្រយ័ត្នទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាងងុយដេកខ្លាំងហើយបានបើករថយន្តហាយឡេនឌ័រមួយគ្រឿងឡើងស្ពានអាកាសស្ទឹងមានជ័យហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់ខ្ទាតចេញពីជួរអស់៣កង់    រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-9341បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ពីជើងទៅត្បូងក្នុងល្បឿនលឿន និងទំនងតៃកុងងងុយដេកផងនោះ ទើបជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងពេញទំហឹង បណ្ដាលឱ្យបែកបាក់ចំនួន២កង់ និងខ្ទាតពីជួរចំនួន១កង់ រីឯរថយន្តបង្កខ្ទាតចេញពីទ្រូងផ្លូវមួយជុំទៅឈប់កណ្ដាលផ្លូវវិញបង្កការភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ដល់អ្នកដំណើរជាខ្លាំង ។ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ និងឱ្យមិត្តភក្តិមកប្រមូលសម្ភារសំខាន់ៗក្នុងរថយន្តទៅរក្សាទុក ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយជំនាញចរាចរណ៍ខណ្ឌធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖