ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុករថយន្តជនជាតិស្បែកខ្មៅនៅស្ពាននាគវត្តភ្នំ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

 ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តNissanមួយគ្រឿងជ្រុលទៅបុករថយន្ត Lexus GS -300 បើកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ បង្កឡើងកាលពីវេលាម៉ោង២ និង ២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ពាននាគវត្តភ្នំ តាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសស្បែកខ្មៅម្នាក់បើករថយន្តម៉ាក Lexus GS- 300 មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-9417ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅ ពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ដែលជាកន្លែងកើតហេតុខាងលើ ក៏មានរថយន្តម៉ាកNissanមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2AT-2353បើកបរដោយបុរសជនជិតចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតតែលិច ជ្រុលបុករថយន្តLexusពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តLexus រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តNissanរងការខូចខាតផ្នែកខាងមុខ។

     ក្រោយកើតហេតុ ភាគីទាំងពីរនិយាយគ្នាស្ដាប់មិនបាន ដោយភាគីម្ខាងជនជាតិស្បែកខ្មៅ និងភាគីម្ខាងទៀតជនជាតិចិន ។ បន្ទាប់មកភាគីទាំងពីរបានទំនាក់ទំនងហៅអ្នកបកប្រែរៀងៗខ្លួន មកជួយសម្របសម្រួលគ្នា អស់រយៈពេលជាច្រើនម៉ោង ទើបមានការព្រមព្រៀងគ្នាដោយខាងភាគីរថយន្តជនជាតិចិនបានចេញសំណងចំនួន២៥០០ដុល្លារទៅឲ្យភាគីរជនជាតិស្បែកខ្មៅដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖