ភ្នំពេញ ៖ នៅពេលដែលធនាគារពិភពលោក (World Bank) ព្យាករជាថ្មីម្តងទៀត ដោយបានដំឡើងអត្រា កំណើន សេដ្ឋកិច្ចកម្ពុជា ពី ៤,៥ ភាគរយ ទៅ ៤,៨ ភាគរយ នៅក្នុងឆ្នាំ២០២២ និងបានព្យាករថា ឆ្នាំ ២០២៣ មានកំណើន ៥,២ ភាគរយក្រុមអ្នកវិភាគសេដ្ឋកិច្ចបានឯកភាពថាការព្យាករណ៍នេះមានភាពត្រឹមត្រូវ។
លោក ហុង វណ្ណៈ បានឯកភាពចំពោះការព្យាកររបស់ធនាគារពិភពលោកនេះ។ លោកយល់ស្របនឹងការព្យាករនេះ ដោយសារពិនិត្យលើលទ្ធភាពកម្រិតនៃការនាំចេញរបស់កម្ពុជា មានកំណើនខ្ពស់ ជាពិសេសការនាំចេញទៅប្រទេសសហរដ្ឋអាមេរិក និងទៅអឺរ៉ុប ដូចជា សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ និងកង់ជាដើម មានសម្ទុះកើនឡើងច្រើនរហូតដល់ជាង ២០ភាគរយ។ ដោយឡែក វិស័យសារពើពន្ធ ក៏ប្រមូលចំណូលបានលើសផែនការកំណត់ នៅឆ្នាំ ២០២២នេះ ។
ចំណែកដំណើរការអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អប្រសើរច្រើន។ ជាក់ ស្តែងដូចជាកំណើនក្នុងវិស័យទេសចរណ៍ មានពលរដ្ឋធ្វើដំណើរកម្សាន្តច្រើន រួមទាំងការហូរចូលនូវវត្តមានទេសចរអន្តរជាតិ ដែលបង្ហាញពីចរន្តសេដ្ឋកិច្ចតាមរយៈការចាយវាយរបស់ភ្ញៀវទេសចរ។
សេដ្ឋកិច្ចអ្នកសេដ្ឋកិច្ច ឯកភាពការព្យាករសេដ្ឋកិច្ចកម្ពុជា ៤,៨% ឆ្នាំនេះ របស់ធនាគារពិភពលោកបានធនាគារពិភពលោក (World Bank) បានព្យាករជាថ្មីម្តងទៀត ដោយបានដំឡើងអត្រាកំណើន សេដ្ឋកិច្ចកម្ពុជា ពី ៤,៥ ភាគរយ ទៅ ៤,៨ ភាគរយ នៅក្នុងឆ្នាំ២០២២ និងបានព្យាករថា ឆ្នាំ២០២៣ មានកំណើន ៥,២ ភាគរយ។
ជាមួយគ្នានេះដែរលោកបណ្ឌិតក៏បានមើលឃើញចំពោះវិស័យសំណង់បច្ចុប្បន្ន ក៏មានការរីកដុះដាលគួរកត់ សម្គាល់ ដោយមានការសាងសង់ជាបន្តបន្ទាប់។ ទន្ទឹមនេះវិស័យអចលទ្រព្យ ក៏មានចរន្តទិញលក់ ដោយរក្សាបានលំនឹងសេដ្ឋកិច្ចសង្គម។ វិស័យសំណង់មិនថានៅរាជធានីភ្នំពេញនោះទេ នៅតាមបណ្ដាខេត្តក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
អ្វីដែលជាការកត់សម្គាល់ថ្មីទៀតនោះគឺវិស័យឧស្សា ហកម្មកំពុងតែរួមចំណែកយ៉ាងសំខាន់ក្នុងរយៈពេលចុងក្រោយនេះ។ លោកបណ្ឌិត បានលើកឡើងថា វិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដំណើរការល្អ ដោយ មានការផលិតសម្ភារៈប្រើប្រាស់ផ្សេងៗ និងវិស័យ SME បានរួមចំណែកសំខាន់ ផលិតនំចំណី ជាដើម។ ចំណែកឧស្សាហកម្មរ៉ែមាស ជាប្រភពនៃចំណូលសួយសារពិសេស ដែលអាចរកប្រាក់ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចជាតិផងដែរ។
យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា បានព្យាករជាថ្មីម្តងទៀតថា នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៤,៨ភាគរយ និងឆ្នាំ២០២៣ មានកំណើន ៥,២ ភាគរយ។ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ធនាគារពិភពលោក បានព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ មានកំណើនត្រឹម ៤,៥ ភាគរយ ប៉ុន្ដែនៅពេលនេះ បានដំឡើងអត្រាកំណើននេះ រហូតដល់ ៤,៨%។
ដោយឡែក នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករនូវកំណើន សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥,៣% ប៉ុន្តែបានបន្ទាប ការព្យាករ អត្រាកំណើន នៅឆ្នាំ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។
ចំពោះរាជរដ្ឋាភិបាលកម្ពុជាវិញ សម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថា កំណើនសេដ្ឋកិច្ច នឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើន នៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញ នៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ៕
ដោយ៖ សូរិយា