ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន លើកឡើងប្រមាណ២ម៉ោង៖
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៥ ខែតុលា ខាងមុខកម្ពុជាប្រារព្ធខួបនៃការយាងសោយទិវង្គត និងទ្រង់ប្រសូត របស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្នើដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដូនតាខ្មែរបានសាងសង់ប្រាសាទច្រើនណាស់ យើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ។ កុំកាប់មេមាន់ដើម្បីឆ្ងាយមួយពេល។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេសថ្មីៗនេះ សម្តេចបាន អានសៀវភៅ «សម្តេចតេជោអ្នកគូសវាសជោគវាសនាកម្ពុជា» បាន ៤០០ទំព័រ ពេលនៅលើយន្តហោះ។
-សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយសម្រាប់ការបានជួបសំណេះសំណាលជាថ្មីជាមួយពលរដ្ឋនៅភូមិរុនតាឯក។
-សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចអាចនៅលេងកីឡាបានច្រើន តែអត់ចេះឡើងដើមត្នោត អ៊ុំទូក និងលោតដូចស្វាទេ។
-ជាការផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ប្រាប់ពលរដ្ឋពីដំណើរបំពេញការងារនៅក្រៅប្រទេសរួមមានអាមេរិក គុយបា និងជប៉ុន។
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនគាំទ្ររុស្ស៉ី កាត់យកដី៤ខេត្តរបស់អ៊ុយក្រែននោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានជឿជាក់លើការងាររៀបចំដោះស្រាយរបស់សម្តេចនាពេលនេះ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចលើចំណាយថវិកាជាតិ មានតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចផ្សារភ្ជាប់ខ្លួននៅទីនេះ ជាមួយនឹងសេនាធិការ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាប ទទួលបានគោលនយោបាយដូចគ្នាពលរដ្ឋរើចេញពីតំបន់អង្គរ។
-សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរអប្សរាធ្វើការឱ្យម៉ត់ចត់ និងច្បាស់លាស់លើការគ្រប់គ្រងដីតំបន់តំបន់អភិរក្សាជារមនីយដ្ឋានអង្គរ។
-សម្តេចតេជោ ហ៊ុន សែន ណែនាំមិនឱ្យលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ តែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់នឹងអ្នកព្រុសរឿងកាន់អំណាចរបស់សម្តេចនោះទេ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមអ្នកវាយលោក ហ៊ុន ម៉ាណែត ព្រោះបានធ្វើឱ្យលោកចេះការពារខ្លួនដោយខ្លួនឯង មិនចាំបាច់ឪពុកចេញការពារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្លាប់សម្តេចមិនជួយលើកកូនទេ កូនដួលកន្លែងណាក្រោកខ្លួនឯង។
-សម្តេចតេជោ ហ៊ុន សែន ណែនាំដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ ពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯក។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋាន។ ប្រជាពលរដ្ឋទះដៃសាទរយ៉ាងកងរំពង ក្រោយឮសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរៀបចំឈូសឆាយ និងចាក់ដីជូនលើដីលំនៅឋានក្នុងភូមិរុនតាឯក។
-សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ ស្មោះ ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១។
-សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯក។
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចំណាយប្រមាណ៨០០លានដុល្លាររួចហើយ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ២០២០ រហូតដល់ ២៤ ខែកញ្ញា ឆ្នាំ២០២២។
-សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះពលរដ្ឋ ២,៨៥៣គ្រួសារ នៅរុនតាឯកអាចចិញ្ចឹមបាន។ បើទោះបីជា១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ។
-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវមេទាំងអស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ត្រូវចាក់កៅស៊ូ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រជាជនកម្ពុជា មិនសន្យាទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កំពុងអនុវត្តន៍គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។
-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាចេះរួមរស់នឹងគ្នាប្រមាណ ៤៣ឆ្នាំហើយ មិនរង្គោះរង្គើនោះទេ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រកូល «ហ៊ុន» មិនចេះទាស់គ្នាទេ។ សូមត្រួតត្រាតែត្រកូលខ្លួនឯងឱ្យបានទៅ។
-សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទានខ្នាតតូច ជាមួយការប្រាក់ទាប។
-សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍វត្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ៣៥វត្ត មិនមានការរុះរើនោះទេ គឺរក្សាទុកនៅដដែល។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ នឹងប្រគល់ឱ្យទៅចៅស្រីច្បង។
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវ និងហាមឃាត់ការកសាងវត្តបន្ថែម ទាំងវត្តព្រះពុទ្ធ ព្រះវិហារឥស្លាម ព្រះវិហារគ្រិស្ត និងសំណង់សម្រាប់ជំនឿសាសនាផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន ហាមទីអារាមទាំង ៣៥នៅតំបន់អង្គរ កុំសាងសង់បន្ថែមនូវចេតិយ ឬកន្លែងបញ្ចុះសព។
-សម្តេចតេជោ ហ៊ុន សែន បានឯកភាពលើសំណើរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទាំង ៧ចំណុច លើការងារតបណ្តាញទឹកស្អាតជូនពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនគិតរឿងល្អិតល្អោចទេ មិនអាចធ្វើធំបានឡើយ៕
ដោយ៖ស តារា