ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការ បណ្ដេញជនបរទេសចំនួន៣៧នាក់ ស្រី០៦នាក់ មាន០៣សញ្ញាតិ ក្នុងនោះជនជាតិម៉ាឡេស៊ីចំនួន១៣នាក់ ជនជាតិតង់ហ្សានីចំនួន០១នាក់និងជនជាតិវៀតណាមចំនួន២៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។
ជនបរទេសចំនួន៣៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅនិងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយ ត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សិលា