ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ បានផ្ញើសារគោរពជូនពរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសខួបកំណើតថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសេចក្ដីអំណរសាទរយ៉ាងជ្រាលជ្រៅពោរពេញ ដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរយ៉ាងកក់ក្តៅជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ មានជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យការងារថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំសូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា រួមចំណែកក្នុងការកសាងសន្ដិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍ ការធានាការពារឯករាជ្យ និងអធិបតេយ្យជាតិ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិ ជាពិសេសការដឹកនាំវិស័យសេដ្ឋកិច្ចកម្ពុជា ក្រោមមគ្គទេសក៍ឧត្ដុង្គឧត្តមបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចម្រើនគ្រប់វិស័យ ប្រជាជនមានជីវភាពធូរធារ និងរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ និងសេចក្ដីសុខក្សេមក្សាន្ដក្រោមម្លប់សន្ដិភាព។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គតាមជួយថែរក្សាការពារប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស សម