ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមបរមាណូ

ចែករំលែក៖

ស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹងខ្លាំងហើយក្រោយពេលរុស្ស៊ីប្រកាសដាក់បញ្ចូលខេត្តចំនួន៤របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្នុងពេលនេះដែរ ប្រធានាធិបតីពូទីន បានព្រមានថា រុស្ស៊ីដាច់ខាតមិនបោះបង់ទឹកដីដែលទើបតែដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះឡើយ បើទោះបីប្រើប្រាស់កម្លាំងទាំងអស់ដែលរុស្ស៊ីមានក៏ដោយ។
ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ទៀតថា ទីក្រុងមូស្គូនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ក្នុងនោះមានទាំងការប្រើប្រាស់អាវុធបរមាណូ ក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង ។ រុស្ស៊ីដាច់ខាតមិនឱ្យបាត់បង់នោះឡើយ។ តាមការព្យាករណ៍ពីក្រុមអ្នកជំនាញ ប្រសិនបើសង្គ្រាមបរមាណូកើតឡើងនឹងមានពលរដ្ឋ ៣៦០លាននាក់ជុំវិញពិភពលោក ស្លាប់ក្នុងសង្គ្រាមនោះ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ រុស្ស៉ីបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងការចេញដំណោះស្រាយថ្កោលទោសការកាត់យកទឹកដីអ៊ុយក្រែន ដែលត្រូវបានប្រកាសជាផ្លូវការដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ Linda Thomas-Greenfield បានធ្វើបទបង្ហាញពីដំណោះស្រាយខាងលើទៅកាន់ក្រុមប្រឹក្សាសន្តិសុខក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ដំណោះស្រាយដដែលនេះមានគោលដៅអំពាវឱ្យរដ្ឋជាសមាជិកទាំងអស់កុំទទួលស្គាល់ការកាត់យកទឹកដីអ៊ុយក្រែនរបស់រុស្ស៉ី និងថ្កោលទោសទង្វើខុសច្បាប់មួយនេះ ព្រមទាំងអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពជាបន្ទាន់ចេញពីអ៊ុយក្រែន ក៏ដូចជាបិទបញ្ចប់ការឈ្លានពានដែលធ្វើឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។ ក៏ប៉ុន្តែរុស្ស៉ីដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខបានប្រើសិទ្ធិវេតូប្រឆាំងជំទាស់នឹងដំណោះស្រាយមួយនេះ ខណៈដែលប្រទេសចំនួន ១០បានបោះឆ្នោតគាំទ្រ រីឯចិន ហ្កាបុង ឥណ្ឌា និងប្រេស៊ីល បានបោះឆ្នោតអនុបវាទ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​vtc.vn


ចែករំលែក៖