ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន​ ផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូកចំនួន០២នាក់ (ស្លាប់ម្នាក់)

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ កាលពីព្រឹកមិញនេះ​​ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូក បានចំនួន០២នាក់ (ស្លាប់០១នាក់) កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រោមកោះឬស្សី និងបានយកទៅប្រគល់ជូនអង្គភាព​បង្ក្រាប​បទ​ល្មើស​លេី​ផ្ទៃ​សមុទ្រ​។ 

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនប្រជានេសាទយើង ដែលបានខិតខំជួយរុករកជនរងគ្រោះជាជនជាតិចិនដែលបានជួបហេតុការណ៍លិចទូក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅ ចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

គួររម្លឹកថា​ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ​ លោក គួច ចំរើន អភិបាល បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន០៤នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក បានចំនួន០២នាក់ និងជួយដឹកសពជនរងគ្រោះ០២នាក់ផ្សេងទៀតដែលស្រង់បានពីកណ្តាលសមុទ្រមកដីគោកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមក។

លោកអភិបាលខេត្ត​ បានថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនអ្នកនេសាទ ដែលបានខិតខំជួយរុករកជនរងគ្រោះជាជនជាតិចិនដែលបានជួបគ្រោះថ្នាក់ក្នុងហេតុការណ៍លិចទូក កាលពីវេលាម៉ោង១០និង៣០ នាទីព្រឹក  ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ក្រុមជួយសង្គ្រោះ និងមានការចូលរួមពីក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ា ទៀវិចិត្រ ចេញជួយសង្គ្រោះបន្ទាន់ និងបានប្រកាសជូនដំណឹងដល់បងប្អូនប្រជានេសាទ និងក្រុមជួយសង្គ្រោះផ្សេងទៀត ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀលផងដែរ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដោយករណីលិចទូកមានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ និងស្វែងរកឃើញជាបន្តបន្ទាប់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត៕

ដោយ​៖សហការី​


ចែករំលែក៖