ខេត្តបន្ទាយមានជ័យ ៖ យុវជនដែលកំពុងបន្សាបគ្រឿងញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន៧១៥នាក់ និងស្រី៣៥នាក់ទទួលគ្រឿងឧបភោគបរិភោគពីអង្គការហាឆាន់ខាំប្រទេសកូរ៉េខាងត្បូងអង្ករចំនួន០២តោន ,ទឹកសុទ្ធ៨០យួរ, បាយ-ម្ហូប៨០០ប្រអប់ និងឃីត០១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ។
ពិធីនេះក៏មានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
សួមរំលឹកថា អង្គការហាឆាន់ខាំ តែងតែជួយឧបត្ថម្ភដល់យុវជនបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់នាគ្រាកន្លងមក មានម្ហូបអាហារនិងជួយរៀបចំកន្លែង សម្អាតអនាម័យ នាពេលខាងមុខគ្រោងនឹងជួយក្រាលការ៉ូ អគារព្រមទាំងសន្យាផ្តល់ម៉ាស៊ីនកុំព្យូទ័រដល់មណ្ឌលផងដែរ ។
ថ្លែងនាឱកាសនោះ លោក គឹម ជុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ បានថ្លែងនូវក្តីអាណិតស្រឡាញ់ចំពោះប្អូនៗទាំងអស់ដែលកំពុងបន្សាបគ្រឿងញៀន ទៅតាមបែបនៃការហាត់ប្រាណ និងតាមបែបបច្ចេកទេសអ្នកគ្រប់គ្រង ហើយយើងទាំងអស់គ្នា បានចាត់ទុកប្អូនៗក្មួយៗ ទាំងអស់គឺជាជនរងគ្រោះ ព្រោះថាគ្រឿងញៀន វាបំផ្លាញ សុខភាព ប្រព័ន្ធសរសៃប្រសាទ និយាយជារួមគឺវាបំផ្លាញអនាគតតយើងតែម្តង ។
លោកគឹម ជុងអ៊ុក បានបន្តថា៖ជាមួយគ្នានេះ សូមប្អូនៗ ក្មួយៗកុំអាលអស់សង្ឈឹម ទៅលើវាសនារបស់ខ្លួនអាចកែប្រែបានមិនទាន់ហួសពេលនៅឡើយនោះទេ បើសិនជាប្អូនៗ ក្មួយៗខិតខំប្រឹងប្រែងហាត់ ពត់លត់ដំខ្លួនតាមការណែនាំរបស់លោក លោកស្រីអ្នកគ្រប់គ្រងនៅមណ្ឌលនេះ ហើយសង្ឈឹមជឿជាក់ថា ពេលប្អូនៗ ក្មួយៗធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះសំបែងវិញ នឹងកែខ្លួនឲ្យទៅជាមនុស្សល្អ កូនល្អ មិត្តល្អ ប្តេជ្ញាមិនសេពគ្រឿងញៀន និងខិតខំប្រឹងប្រែងជួយធ្វើការងារផ្ទះ និងសង្គមជាតិ ទាំងមូល ។
ជាមួយគ្នានោះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគឹម ជុងអ៊ុក ប្រធានអង្គការហាឆាន់ខាំប្រទេសកូរ៉េខាងត្បូង និងលោកស្រី ដែលកន្លងមកក៏ដូចជាពេលនេះ បានផ្តល់អំណោយមនុស្សធម៌ជាច្រើនលើក សរុបជាថវិការាប់សិបម៉ឺនដុល្លារអាមេរិក ដល់ប្អូនៗ ក្មួយៗ កុំពុងបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់នេះ គឺសបញ្ជាក់ពីទឹកចិត្តអាណិតស្រឡាញ់ ជ្រះថ្លានឹងជួយប្អូនៗ ក្មួយៗ ប្រុស ស្រី ដែលកំពុងរងគ្រោះ ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់អ្នកគ្រប់គ្រងនិងខិតខំហាត់ពត់លត់ដំខ្លួន ឲ្យបានជាប្រចាំ ដើម្បីបានឆាប់ត្រឡប់ទៅលំនៅឋានវិញនិងស្តាប់ការណែនាំរបស់ឪពុកម្តាយ ព្រោះថាប្អូនៗ ក្មួយៗនៅវ័យក្មេង អនាគតនៅវែងឆ្ងាយហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕
ដោយ ៖ វណ្ណា