ខេត្តកំពង់ធំ ៖ ក្នុងដំណើរវិលមកពីពិនិត្យស្ថានភាពទឹកជំនន់និងផ្តល់ជំនួយសង្គ្រោះដល់ក្រុមគ្រួសារងាយរងគ្រោះបំផុត ក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី០១ ខែតុលាឆ្នាំ ២០២២នេះ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំ ទ្រា ស្រុកស្ទោង ភូមិរនាម ឃុំមានជ័យ ស្រុក សណ្តាន់ ភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរក្នុងខេត្តកំពង់ធំដែលក្នុងប៉ុន្មានថ្ងៃមកនេះបានរងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង ។
ក្នុងដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យស្ថានភាពទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធចំពោះបង ប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ។ ទោះជាទឹកចាប់ផ្តើមស្រកទៅ វិញជាបណ្តើរក៏សម្តេច ទាំង ពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។
សូមបញ្ជាក់ថា នាប៉ុន្មានថ្ងៃមកនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ និងជាពិសេស គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកស្ទោង ដោយមានការយកចិត្តទុកដាក់ពី លោក សាយ គឹមឡម អភិបាលស្រុក បានផ្តួចផ្តើមកៀរគរធនធានពីមជ្ឈដ្ឋាននានាជួយផ្តល់ជាជំនួយសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះបំផុតបានសរុបចំនួន ១១៣២ គ្រួសារ ក្នុងមួយគ្រួសារទទួលបានជំនួយជាអង្ករ មី ទឹកស៊ីអីវ ទឹកត្រី និងទឹកសុទ្ធ។ ក្នុងនោះដែរ ដើម្បីបន្តសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងដំណាក់ កាលទឹកកំពុងស្រកទៅវិញនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងស្រុកស្ទោងនឹងធ្វើការចែក ជំនួយដល់៥០០ គ្រួសារ បន្ថែមទៀតដែលជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះមានមី១កេសតូច អង្ករ ២៥គក ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកសុទ្ធ១កេស។
ក្នុងស្រុកសណ្តាន់នារសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តនិងស្រុកក៏បានចែកជំនួយជូនប្រជាពលរដ្ឋជម្លៀសមកទីទួលចំនួន ១១២គ្រួសារនៅ ទួលគម្ពោធឈូក ដែល គ្រួសារនិមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេសតូច ត្រីខ ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ ១យួរ។
ក្នុងឱកាសនេះលោក ទេសរដ្ឋមន្ត្រីក៏បញ្ជាក់ពីការ សន្និដ្ឋានសភាពការណ៍ថាស្ថានភាពគ្រោះ ពីជំនន់ ទឹក ភ្លៀងនាពេលនេះគឺបានធូស្រាលជាបណ្តើៗ ហើយចំពោះការខូចខាតក៏មិនមានទំហំធំធេងនោះទេ។ គិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ លោកទេសរដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្ត សហការជាមួយក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ៕
ដោយ៖ស តារា