ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឃាត់ខ្លួនមនុស្សជាង១០០នាក់​ នៅ​ក្លឹបកម្សាន្ត​” ML” ពាក់ព័ន្ធនឹងលេងល្បែងស៉ីសង ប្រើប្រាស់គ្រឿងញៀន និងអាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បើតាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​០១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ មនុស្សប្រុស ស្រី១៣៨នាក់​ ត្រូវ​បានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ​ និងឡោមព័ទ្ធទីតាំង​ក្លឹបកម្សាន្ត​យីហោ​” ML “​ ដែលជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់, ការប្រើប្រាស់សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់​ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ​២០២២ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០៥​ សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

លោកអ្នកនាំពាក្យ​រូបនេះ​ បានថ្លែងបញ្ជាក់ទៀតថា៖ «យប់មិញពិតជាមានករណីបង្ក្រាបក្លឹប ML ប្រហែលជាម៉ោង ១រំលងអធ្រាត្រជាង ដែលអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ យើងបានធ្វើការចុះស្រាវជ្រាវ ឈានដល់ការបង្ក្រាប ហើយឃាត់ខ្លួនមនុស្សជាង១០០នាក់ កំពុងបន្តនីតិវិធី»។

លោកវរសេនីយ៍ឯក​ សុខ​ សីហា បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ក្លឹប ML នេះ គឺមានការពាក់ព័ន្ធការលេងល្បែងស៉ីសង ប្រើប្រាស់សារធាតុញៀន និងមានការប្រើប្រាស់កាំភ្លើងខុសច្បាប់ អីឡូវនេះខាងជំនាញកំពុងធ្វើការងារនេះ ដើម្បីបន្តនីតិវិធី»។ 

បច្ចុប្បន្ន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ១៣៨នាក់នេះ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ 

គួររម្លឹក​ថា បន្ទាប់ពី​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​មន្ដ្រី​ថ្នាក់​ក្រោម​ជាតិ​ចូលរួម​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស ល្បែងស៊ីសង​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ​រួច​មក​បាន​សង្កេត​ឃើញ​ថា អាជ្ញាធរ​គ្រប់​បណ្ដា​រាជធានី​ខេត្ត បានដាក់កម្លាំងជំនាញចុះ​បង្ក្រាប​ទីតាំង​បន​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ​ និងបានឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​រាប់​សិប​នាក់ បញ្ជូន​ទៅ​តុលាការចាត់ការតាមច្បាប់ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖