ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកាចំនួន ៤ លានរៀល ជូនដល់គ្រួសារសព យោធិន ២ រូប ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។  ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !

សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២  នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិតយោធិន ចំនួន ២ រូប ។ 

១- ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ

២- ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ

យោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះក្មេងទាំង ២នាក់បានហើយ តែជាអកុសលទឹកហូរគួចខ្លាំងបណ្តាល ឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង។

សាកសពយោធិនទាំង ២ បានរកឃើញនៅវេលាម៉ោង ១១:៣០នាទី ម្នាក់  និងម៉ោង ១៧:១០នាទី ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ បានរកឃើញម្នាក់ទៀត ៕

ប្រភព ៖ ទទក


ចែករំលែក៖