ក្រុមបាតុករបានឡោមព័ទ្ធវាយប្រហារទៅលើស្ថានទូតបារាំង នៅក្នុងរដ្ឋធានី Ouagadougou នៃប្រទេសបួគីណាហ្វាសូ នៅថ្ងៃទី ១ខែតុលា ក្រោយការធ្វើរដ្ឋប្រហារយោធាជាលើកទីពីរ ។
សារព័ត៌មាន RTបានផ្សាយថា ក្រុមបាតុករបានព្យាយាមចូលទៅខាងក្នុងស្ថានទូតបារាំងក្នុងរដ្ឋធានី Ouagadougou ក្រោយពេលកម្លាំងទាហានប្រទេសនេះធ្វើរដ្ឋប្រហារជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ ។ ក្រុមបាតុករបានចោទប្រកាន់រដ្ឋាភិបាលបារាំង ជួយដល់ប្រមុខដឹកនាំរដ្ឋាភិបាល ដែលត្រូវទាហានផ្តួលរំលំ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា កាលពីថ្ងៃ១ខែតុលា ក្រុមបាតុករដែលពោរពេញដោយកំហឹង បាននាំគ្នាធ្វើសកម្មភាពវាយប្រហារទៅលើស្ថានទូតបារាំងប្រចាំនៅប្រទេសបួគីណាហ្វាសូ ដែលស្ថិតក្នុងតំបន់អាហ្វ្រិកខាងលិច ក្រោយពីក្រុមអ្នកគាំទ្ររដ្ឋប្រហារយោធាថ្មី បានចោទបារាំងថា ផ្តល់កន្លែងជ្រកកោនដល់ប្រធានាធិបតីដែលទើបត្រូវបានផ្តួលរំលំចេញពីអំណាច។
លោកឧត្តមសេនីយ៍ Paul-Henri Damiba ត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីអំណាច កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលវាមានរយៈពេលមិនដល់៩ខែនោះឡើយបន្ទាប់ពីរូបលោកផ្ទាល់ក៏បានដឹកនាំធ្វើរដ្ឋប្រហារយោធាផ្សេងមួយទៀតក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះផងដែរ។ ការអះអាងរបស់អ្នកនាំពាក្យរបបយោធាថ្មី កាលពីថ្ងៃសៅរ៍ម្សិលមិញ គឺជាមូលហេតុដែលបានបង្កឱ្យមានការខឹងសម្បាជាខ្លាំង កើតមានឡើងនៅរដ្ឋធានីអ៊ូអាហ្កាឌូហ្គូ (Ouagadougou) របស់បួគីណាហ្វាសូ។
អ្នកនាំពាក្យខាងលើគឺលោក ហ្សង់ បាប់ទីស កាប្រេ (Jean Baptiste Kabre) បាននិយាយដូច្នេះថា «លោក ដាមីបា បានព្យាយាមដកថយទៅកាន់មូលដ្ឋានយោធាបារាំង កាមបូអ៉ីស៉ីន ដើម្បីរៀបចំការវាយបកក្រោមគោលដៅបង្កភាពបែកបាក់នៅក្នុងកងកម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខរបស់យើង»។ វីដេអូលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញ ក្រុមបាតុករកាន់គប់ភ្លើងនៅក្រៅស្ថានទូតបាំងក្នុងទីក្រុងអ៊ូអាហ្កាឌូហ្គូ ហើយរូបភាពមួយចំនួន បង្ហាញឱ្យឃើញផ្នែកខ្លះនៃបរិវេណស្ថានទូតដែលរងការឆាបឆេះ។
ឆ្លើយតបចំពោះអំពើហិង្សាខាងលើ ក្រសួងការបរទេសបារាំងបានចេញមុខថ្កោលទោស និងច្រានចោលជាផ្លូវការថា ទីក្រុងប៉ារីសមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ក្នុងព្រឹត្តិការណ៍ដែលបាននិងកំពុងបន្តកើតឡើងនៅក្នុងប្រទេសបួគីណាហ្វាសូ ហើយមូលដ្ឋានដែលកងទ័ពបារាំងឈរជើង ឬមួយក៏ស្ថានទូតបារាំង គឺមិនដែលផ្តល់កន្លែងជ្រកកោនឱ្យលោក ផូលហិនរី ដាមីបា ឡើយ។ ក្រសួងក៏បានទទូចឱ្យពលរដ្ឋបារាំង ព្យាយាមកុំចេញក្រៅកន្លែងស្នាក់នៅផងដែរ ចំពោះមុខស្ថានការណ៍ «ច្របូកច្របល់» នៅទីក្រុងអ៊ូអាហ្កាឌូហ្គូ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA