បាតុកម្មកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោកនាថ្ងៃទី២ខែតុលា ដើម្បីប្រឆាំងរដ្ឋាភិបាលអុីរ៉ង់ ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីវ័យក្មេងម្នាក់ក្រោយកម្លាំងប៉ូលិសអុីរ៉ង់ចាប់ឃុំខ្លួន។
កាលពីខែកញ្ញា ស្ត្រីវ័យ២២ឆ្នាំឈ្មោះ Mahsa Amini បានស្លាប់ក្រោយពេលកម្លាំងប៉ូលិសសីលធម៌អុីរ៉ង់ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទបំពានច្បាប់អ៊ិស្លាម Sharia ដោយសារតែស្ត្រីរូបនោះមិនពាក់កន្សែងក្បាល។
នាង Mahsa Amini ជាមួយគ្រួសារបានធ្វើដំណើរទេសចរណ៍ នៅខេត្ត Kurdistan ភាគខាងលិចប្រទេសអុីរ៉ង់ ក៏ដូចជាសួរសុខទុក្ខ សាច់ញាតិ ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារតែមិនគោរពតាមច្បាប់ស្លៀកពាក់របស់ស្ត្រីនៅក្នុងប្រទេសនេះ។ នាងបានស្លាប់នៅក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពព័ត៌មានបានឱ្យដឹងថា នាង Mahsa Amini ត្រូវបានប៉ូលិសធ្វើទារុណកម្មនៅពេលបញ្ជូនតាមរថយន្ត ។
ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីអុីរ៉ង់ Iran Ebrahim Raisi បានចេញច្បាប់កាត់បន្ថយសិទ្ធិអំណាចរបស់ស្ត្រី ពិសេសគឺពាក់ព័ន្ធនឹងការស្លៀកពាក់តាមបែបប្រពៃណី ។ អុីរ៉ង់បានស្នើដល់ស្ត្រីទាំងអស់ត្រូវពាក់ស្បៃលើក្បាលចាប់តាំងពីបដិវត្តន៍អ៊ិស្លាមអុីរ៉ង់នៅឆ្នាំ១៩៧៩មក៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)