ព័ត៌មានទាន់ហេតុការណ៍៖

Update ៖​ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

ចែករំលែក៖

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ ក្នុងនោះ​និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរវិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសម្រេចចិត្ត ឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋ យកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងការផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំតាមអនឡាញនៅតែល្អ បើមានការយកចិត្តទុកដាក់។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរនិស្សិតជ័យលាភីទាំងអស់ ដែលបានជម្នះការលំបាក ដើម្បីទទួលបានការចំណេះដឹង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះពលរដ្ឋយល់ច្បាស់អំពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពេលជំងឺកូវីដ១៩ រាតត្បាត។ វិធានការដែលដាក់ចេញ គឺដើម្បីការពារអាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសឈានមុខលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបង្កើតបានភាពសាំខ្ពស់ក្នុងសង្គម។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់វិស័យឯកជន ជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធ។ វិស័យឯកជនកាន់តែរីកចម្រើន ការបង់ពន្ធកាន់តែខ្ពស់។

-សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទ្រឹស្តីគោលនយោបាយសេដ្ឋកិច្ច របស់លេនីន មិនសម្លាប់នាយទុននោះទេ តែអនុវត្តន៍មួយចំនួនធ្វើខុសពីទ្រឹស្តីរបស់ លេនីន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះកម្ពុជាមិនទាន់បិទបញ្ចប់ការធ្វើកំណែទម្រង់សេដ្ឋកិច្ចនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពន្ធគយនឹងចុះថយបណ្តើរៗ ចំណែកពន្ធផ្ទៃក្នុង (ពន្ធដារ) របស់កម្ពុជាកាន់តែរីកធំ។ ក្នុងមួយខែពន្ធផ្ទៃក្នុងរបស់កម្ពុជា ទទួលបានប្រមាណ ២៥០លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពន្ធផ្ទៃក្នុងរបស់កម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៩៥ភាគរយ ស្មើនឹងថវិកាជិត ៣ពាន់លានដុល្លារ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាអ្នកដាក់ចេញនូវគោលនយោបាយ ដូច្នេះសម្តេចមានសិទ្ធិថ្លែងលើបញ្ហានានា។ ការថ្លែងបែបនេះ បន្ទាប់ពីមានការលើកឡើងថា សម្តេចប្រកាសផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅរុនតាឯក ជាការស្វែងរកសំឡេងឆ្នោត។

-សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរថា កុំចង់ងឿកតថ្លៃសំណងជាមួយរាជរដ្ឋាភិបាល។

-សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នករស់នៅតំបន់រមណីយអង្គរថា ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ មិនថមថយនោះទេ។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តរឹបអូសទ្រព្យសម្បត្តិ អ្នកជំពាក់បំណុលធនាគារ ហើយជឿតាមការញុះញង់មិនចង់សងត្រឡប់ទៅធនាគារ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាញជាច្រើនវាយតម្លៃថា ពិភពលោកនឹងរំកិលទៅរកវិបត្តិសេដ្ឋកិច្ចសកល។ វិបត្តិនៅអាមេរិក និងអឺរ៉ុប ដោយសារសង្រ្គាម រុស្ស៉ី-អ៊ុយក្រែន ជះឥទ្ធិពលដល់អាស៊ី និងប្រទេសយើង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធស្មាត បានតែក្នុងប្រទេស ក្រៅប្រទេសសូន្យ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា iPhone គួរប្រើត្រឹមអាជំនាន់១២ អាជំនាន់១៣ និង ១៤ មិនមានអ្វីអស្ចារ្យនោះទេ។

-សម្តេចតេជោ ហ៊ុន សែន ទម្លាយថា បច្ចុប្បន្នសម្តេចប្រើលេខទូរស័ព្ទចំនួន១៨៕

ដោយ​៖ស​ តារា​


ចែករំលែក៖