ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែតុលាម្សិលមិញនេះ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងចំណោមជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៥០នាក់នោះ មាន ២១នាក់ នៅក្នុងបទល្មើសព្រហ្មទណ្ឌ ១១ករណី និងជនសង្ស័យ ២៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៦ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត”៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)