សារព័ត៌មាន La Repubblica របស់អុីតាលី នៅថ្ងៃទី២ខែតុលា បានផ្សាយថា អង្គការណាតូបានផ្ញើព័ត៌មានចារកិច្ចដល់បណ្តាប្រទេសជាសមាជិកដោយបានព្រមានថា រុស្ស៊ីបានដាក់ពង្រាយនាវាមុជទឹក K-329 Belgorod បំពាក់មីស៊ីល
បុកបរមាណូប្រភេទ Poseidon ជាអាវុធដែលគេចាត់ទុកថាជា«អាវុធថ្ងៃអវសាន»។
បច្ចុប្បន្ននាវានេះត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រប៉ូលខាងជើងផែនដី ។ តាមការលើកឡើងរបស់អង្គការណាតូ នាវាមុជទឹក K-329 Belgorod បំពាក់មីស៊ីលបុកបរមាណូ Poseidon អាចធ្វើសកម្មភាព រយៈចម្ងាយដល់ទៅ១ម៉ឺនគីឡូម៉ែត្រ ។ គ្រាប់បែកបរមាណូដែលបំពាក់នៅលើមីស៊ីលបុកមានកម្លាំងដល់ទៅ២មេហ្គាតុន ហើយប្រសិនបើមីស៊ីលនោះផ្ទុះនៅឆ្នេរសមុទ្រឬបាតសមុទ្រនោះ អាចបង្កឱ្យមានរលកយក្សសូណាមិវិទ្យុសកម្ម អាចកម្ទេចបណ្តាប្រទេសនៅឆ្នេរសមុទ្រក្នុងតំបន់អឺរ៉ុប។
នាវាមុជទឹក Belgorod មានប្រវែងដល់ទៅ១៨៤ម៉ែត្រ អាចធ្វើដំណើរបាន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ក្រុមអ្នកឯកទេសបានលើកឡើងថា នាវាមុជទឹកខាងលើអាចមុជនៅក្រោមបាតសមុទ្រដល់ទៅ១២០ថ្ងៃ មិនចាំបាច់ងើបឡើងឡើយ។
សារព័ត៌មាន La Reppubblica បានដកស្រង់ប្រភពព័ត៌មានពីអ្នកឯកទេស HI Suttonដែលបានលើកឡើងថា «នេះគឺជាអាវុធថ្មីមានកម្លាំងបំផ្លាញមហាសាល បង្ខំឱ្យប្រទេសលោកខាងលិចត្រូវតែផ្លាស់ប្តូរគម្រោង នឹងរកវិធានការទប់ទល់៕
ដោយ៖ ធីរីណា(រូបថត៖ Sputnik)