ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ៖​ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងសណ្ឋាគារ កាស៊ីណូយីហោ”ឆាង ឆឹង”​​​ រកឃេីញមនុស្សជនបរទេសចំនួន ៣៧នាក់ ប៉ុន្តែ​មិនមែន​ករណីបង្ខាំង ធ្វើទារុណកម្ម និងជួញដូរមនុស្សនោះទេ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០២២ថា​៖​ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារស្នាក់នៅរបស់កាស៊ីណូ ឆាង ឆឹង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា៖​ បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំ ក្រុមការងារគណៈបញ្ជាការដឹកនាំប្រតិបត្តិការ កាលពីថ្ងៃទី​៣០​ ខែកញ្ញា​ថ្មីៗ​ បានចុះពិនិត្យរដ្ឋបាល ទីតាំងអគារស្នាក់នៅរបស់កាស៊ីណូ ឆាង ឆឹង ស្ថិតនៅ ក្រុម២៤ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពិនិត្យលើទីតាំងជាក់ស្តែង ក្នុងការប្រកបអាជីវកម្ម អាជ្ញាប័ណ្ណអាជីវកម្ម ស្ថានភាពនៃការស្នាក់នៅរបស់ជនបរទេស អន្តោប្រវេសន៍ និងពាក់ព័ន្ធការបង្ខាំងមនុស្ស ទទួលបានលទ្ធផលដូចខាងក្រោម៖

ទីតាំងខាងលើមានអគារចំនួន០១ កម្ពស់១២ជាន់ មានបន្ទប់ស្នាក់នៅសរុបចំនួន ១៦៥បន្ទប់ និងបន្ទប់ធ្វើការ ចំនួន ០៣បន្ទប់ មានមនុស្សចំនួន ៣៧នាក់ ស្រី ០៦នាក់ ០៤សញ្ញាតិ (ជនជាតិចិន ៣៣នាក់ចិនហុងកុង ០១នាក់, វៀតណាម ០២នាក់, និងថៃ ០១នាក់)។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារពុំបានរកឃើញនូវ ករណីបង្ខាំង ធ្វើទារុណកម្ម និងជួញដូរមនុស្សនោះទេ ប៉ុន្តែបានត្រួតពិនិត្យឃើញថានៅចំណុចទីតាំងខាងលើមាន ជនអន្តោប្រវេសន៍ចូលមកកម្ពុជា គ្មានលិខិតឆ្លងដែនសរុប ១១នាក់ ស្រី ០១នាក់ (ចិន និងថៃ)ជនបរទេសចូលមកកម្ពុជាមានលិខិតឆ្លងដែន ទិដ្ឋាការ ត គ្មានប័ណ្ណការងារចំនួន ១៧នាក់ ស្រី០៤នាក់។

អាស្រ័យដោយការត្រួតពិនិត្យលើទីតាំងខាងលើនេះ និងដោយមានការឯកភាពគ្នាពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្រុមការងារបានសម្រេចប្រគល់ទីតាំងអគារខាងលើជូនអ្នកតំណាងម្ចាស់ទីតាំង ដោយមិនបានដកហូត និងមិនបានប៉ះពាល់ ឬធ្វើ ឱ្យខូចខាតដល់ទ្រព្យសម្បត្តិណាមួយឡើយ ព្រមទាំងបានអនុញ្ញាតឱ្យជនបរទេសដែលមានលិខិតឆ្លងដែន មានប័ណ្ណការងារ ត្រឹមត្រូវត្រលប់ទៅកន្លែងស្នាក់នៅវិញ។ ដោយឡែក ជនបរទេសដែលធ្វើការដោយគ្មានប័ណ្ណការងារទាំង ១៧នាក់ ត្រូវបាន ផាកពិន័យបានទឹកប្រាក់ ៥៦៩០ដុល្លារ រីឯជនបរទេសដែលជាអ្នកវិនិយោគចំនួន ២០នាក់ ត្រូវបានផាកពិន័យនិងប្រមូល អាករបានទឹកប្រាក់ ១០លានរៀល។ ជនអន្តោប្រវេសន៍ចូលមកកម្ពុជាគ្មានលិខិតឆ្លងដែនទាំង ១១នាក់ត្រូវបានបញ្ចូនទៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំបែបបទបណ្ដេញចេញ។

ក្រុមការងារ នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលដូចភ្លៀងរលឹមនៅតាមបណ្ដាទីតាំងអាជីវកម្មដែលសង្ស័យមិនមាន ច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ក្នុងករណីរកឃើញបទល្មើស។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប៕

ដោយ​៖សហការី​


ចែករំលែក៖