ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣រូប។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាតាមរបៀបវារៈ អង្គសភាបានអនុម័តយល់ព្រមលើ សមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ចំនួន ៣រូប ដែលមាន រាយនាមដូចតទៅ៖

១- ឯកឧត្តម ពេជ ជីវ័ន អាយុ ៦៩ឆ្នាំ

២- ឯកឧត្តម សៀង ស៊ុតថង អាយុ ៧០ឆ្នាំ

៣- ឯកឧត្តម ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន ៥ គឺ៖

១ – ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។ ២- របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៧ និងលើកទី៨ នីតិកាលទី៦។

៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖

– ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្ត្រថ្មីមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព

– ឯកឧត្តម នុត ជា តំណាងរាស្ត្រថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។

៤- ការបោះឆ្នោតជ្រើសតាំង៖

– ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា

– លោកជំទាវ ស៊ុន សាភឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ 

៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានដូចខាងក្រោម៖

១- ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ អានជូនអង្គសភាដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

២- របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៧ និងលើកទី៨ នីតិកាលទី៦ អានជូនអង្គសភាដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។

៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖

– ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្ត្រថ្មីមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព

 – ឯកឧត្តម នុត ជា តំណាងរាស្ត្រថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាស របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព។

៤- ការបោះឆ្នោតជ្រើសតាំង៖

– ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា

– លោកជំទាវ ស៊ុន សារឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

អង្គសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ស៊ុន សាវឿន ជាសមាជិកាគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដោយមានលទ្ធផល ដូចតទៅ៖

ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា ដោយទទួលបានសំឡេង ព្រម ចំនួន ៩៨សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូល។

– លោកជំទាវ ស៊ុន សាវឿន ជាសមាជិកាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដោយទទួលបានសំឡេង ព្រម ចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្ដីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន 

– សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា

– ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់

– ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តី ព្រាងច្បាប់

– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន ឯកឧត្តម សួស យ៉ារ៉ា

– អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩៦សំឡង។

សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ បានផ្អាកនៅវេលាម៉ោង ១១:២២នាទី ថ្ងៃខែឆ្នាំ ដដែល។

ចំពោះព័ត៌មានទាក់ទងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នឹងជូនដំណឹង នៅពេលក្រោយតាមរយៈសេចក្តីជូនដំណឹង ៕

ដោយ : សុខ ខេមរា


ចែករំលែក៖