ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគណៈកម្មាធិការស.ស.យ.ក. រាជធានី ខេត្ត វិស័យ និងនិតិបុគ្គល ព្រមទាំងសមាជិក សមាជិកាក្រុមគ្រួសារស.ស.យ.ក. ទូទាំងប្រទេស ដែលបានចូលរួមក្នុងពិធីបុណ្យសព និងផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ១៨ នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។
លោកបានថ្លែងថា, ជាមួយគ្នានេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំស.ស.យ.ក.ខេត្តត្បូងឃ្មុំ និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកពញាក្រែក ដែលបានជួយសម្របសម្រួលយ៉ាងសកម្មក្នុងអំឡុងពេលពិធីបុណ្យសពទាំងមូលតាំងពីថ្ងៃដំបូងដល់ពិធីចប់សព្វគ្រប់។ ការចូលរួមដោយផ្ទាល់ និងការចូលរួមរំលែកទុក្ខទាំងអស់ បានសបញ្ជាក់នូវទឹកចិត្ត ស្រលាញ់រាប់អាន ដ៏ជ្រាលជ្រៅ ព្រមទាំងសន្តានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តម របស់មហាក្រុមគ្រួសារស.ស.យ.ក. ចំពោះថ្នាក់ដឹកនាំស្ថាប័នរបស់យើង។
សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ទាំងអស់ ប្រកបដោយពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា