ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ឱ្យដឹងថា យោងអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការបង្កើត ទិវាគ្រូបង្រៀន នៃព្រះរាជា ណាចក្រកម្ពុជា នៅរៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសមាគមបុគ្គលិកសិក្សាខ្មែរ(ស.ប.ស.ខ.), អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍដទៃទៀត រៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកិងកីឡា នៅតែបន្តសហការជាមួយស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលាដែលជាខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ។ អង្គពិធីនឹងប្រព្រឹត្តទៅ នាថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក រយៈពេល០១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, មន្ដ្រីរាជការនៃអង្គភាពក្រោមឱវាទ ទ្រឹស្តីការក្រសួង, បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, តំណាងសមាគមបុគ្គលិក សិក្សាខ្មែរ, អង្គការយូណេស្កូ, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
ក្នុងកម្មវិធីនេះ ក៏នឹងមានបឋកថារបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី “ភាពជាអ្នកដឹកនាំសាលារៀន គឺជាគន្លឹះនៃកំណែទម្រង់សាលារៀន” និងវេទិកាពិភាក្សាតុមូលក្រោមប្រធានបទ៖ ការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រសួងនឹងរៀបចំការផ្សាយផ្ទាល់ពីទិដ្ឋភាពទាំងស្រុង នៃពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា តាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងរង់ចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ តាមការគួរ៕
ដោយ ៖ សិលា