ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៨:០០ នាទីព្រឹក ពីសណ្ឋាគារសុខា ភ្នំពេញ៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖