ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីបើកកិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២២នេះ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា គោលបំណងកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើ៖ ១)សកម្មភាព និងលទ្ធផលការងាររបស់មជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ២០២១-២០២២, ២)របាយការណ៍ចំណាយថវិកាឆ្នាំ២០២១-២០២២ និងគម្រោងសំណេីសម្រាប់ឆ្នាំ២០២៣ និង ៣)កិច្ចសហការនានាជាមួយដៃគូសម្រាប់ការងារជីវៈចម្រុះអាស៊ាន។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូអញ្ជើញមកពីបណ្តាប្រទេសអាស៊ានទាំង១០ ដៃគូអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ តាមរយៈការចូលរួមកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួនជាង៧០រូប។
កិច្ចប្រជុំនេះនឹងបន្តប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២២) ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារនៃរបៀបវារៈដូចខាងក្រោម៖
– របាយការណ៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានារបស់កិច្ចប្រជុំលើកទី២៣ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ACB កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២១
– របាយការណ៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានារបស់កិច្ចប្រជុំលើកទី៣២ នៃក្រុមការងារបច្ចេកទេសស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះអាស៊ាន (AWGNCB) កាលពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២២ រួមទាំងវឌ្ឍនភាព និងសកម្មភាពការងាររបស់ AWGNCB
– ផែនការការងារ-ថវិការបស់មជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ ២០២១-២០២២ និងគម្រោងសំណើសម្រាប់ឆ្នាំ២០២៣
– សកម្មភាពការងារដើម្បីត្រៀមសម្រាប់សន្និសីទកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៥ (UNCBD COP-15)
– បញ្ហាផ្សេងៗ៖ ១)ការងារគ្រប់គ្រងនិងប្រតិបត្តិមជ្ឈមណ្ឌល ACB និង ២)កាលបរិច្ឆេទនិងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់ (កិច្ចប្រជុំលើកទី២៥) ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ២០២៣ ខាងមុខ។
តាមរយៈកិច្ចប្រជុំនេះ កម្ពុជានឹងស្នើឱ្យមានការធ្វើបច្ចុប្បន្នភាពលើ ASEAN Joint Statement ដែលបានអានដោយប្រទេសប្រ៊ុយណេ នៅក្នុងកិច្ចប្រជុំ COP-15 ផ្នែកទី១ នៅឆ្នាំ២០២១ ដើម្បីលើកឡើងនូវបញ្ហាថ្មីៗបន្ថែមទៀតសម្រាប់ត្រៀមធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High Level Segment) នៃសន្និសីទកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៥ ផ្នែកទី២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នាខែធ្នូ ឆ្នាំ២០២២ ខាងមុខ ហេីយដែលកម្ពុជានឹងត្រូវថ្លែងតំណាងតំបន់ក្នុងនាមជាប្រធានអាស៊ាន៕
ដោយ៖ សហការី