ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមានគោលបំណងសំខាន់ៗចំនួន ០៣

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួងរួមមាន លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ លោក ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ លោកថាំង វីយុទ្ធដា ប្រធានមុខព្រួញខេត្តកណ្តាល លោក ហៀង ម៉េង ប្រធានមុខព្រួញខេត្តកំពង់ស្ពឺ  ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស នៅព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមានគោលបំណងសំខាន់ៗចំនួន ០៣ រួមមាន ៖

 ១- ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការសាងសាង់ប្រមាណ ៧០% ដោយបានចូលរួមចំណែកជួយសម្រួលលំហូរទឹកបានយ៉ាងច្រើន បើប្រៀបធៀបស្ថានភាពកម្ពស់ទឹកស្ទឹងដូចគ្នាកាលពីឆ្នាំមុន ។

២ – ពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្នមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ,បើទោះជាយ៉ាងនេះក្តីក្រុមមន្រ្តីបច្ចេកទេសក្រសួង និងគ្រឿងចក្របានប្រចាំការត្រៀម តាំងពីខែសីហា ឆ្នាំ២០២២ មកម្លេះ ។

៣- ជាសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់បងប្អូនប្រជាពលរដ្ឋយើងដែលមានលំនៅឋាននៅតាមបណ្តោយស្ទឹងក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។

*ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ នាទីព្រឹក ៖

– កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ​, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ

– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ម៉ែត្រ (ស្មើកម្ពស់ទំនប់បង្ហៀរ)

– កម្ពស់ទឹកខាងក្រោយទ្វារ ៥,៤០ម៉ែត្រ​, កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,០០ ម៉ែត្រ ។ 

ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,៣០ម៉ែត្រ ធៀបនឹងព្រឹកម្សិលមិញ៕

ដោយ​៖ស​ តារា​


ចែករំលែក៖