ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ ពលរដ្ឋសំណូមពរជាច្រើនរឿង ស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយ នៅមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ តុលា ២០២២ នៅក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ ព្រែកព្នៅ បានស្នើឲ្យអាជ្ញាធរជួយ ដោះស្រាយសំណើរ សំណូមពរ ជាច្រើនរឿងពិសេសឲ្យ ជួយកសាងហេដ្ឋារចនាសម្ព័ន្ពនៅក្នុងមូលដ្ឋានពួកគាត់។

  វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជ ធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីនិងលោករស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែក ព្នៅ។

   ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើនដូចជា សុំការស្ថាបនាផ្លូវ លូ សុំអោយមានការពន្យល់ពីការបង់ថ្លៃសំរាមតាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់ បន្ថយគ្រូបង្រៀនយកមុខវិជ្ជាល្អៗទៅ បង្រៀនគួរមិនយកមកបង្រៀននៅក្នុងកម្មវិធីសិក្សាក្នុងសាលា និងមួយចំណុចទៀត គឺ ការសូមអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ។

   ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេងល្បែងស៊ីសង ប៊ៀ កន្ទុយលេខដដែរ ។ ដូច្នេះពួកគាត់ស្នើសូមអោយលុបបំបាត់អោយអស់។ ចំណែកគ្រឿងញៀនក៏ដូច្នេះដែរ សូម លុបបំបាត់អោយបានពិសេសគឺការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនតែម្តង។

   ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ។

   លោក ម៉ប់ សារិន បានបញ្ជាក់ថា៖វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

  វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច។

   លោកហួត ហៃ អភិបាលរងរាជធានី បានមានប្រសាសន៍ថា៖ សម្រាប់ការចូល រួមមតិយោបល់ និងលើកឡើង នូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ តុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៩នាក់ស្មើនឹង៣២បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន ៧៦បញ្ហា។ លោកបន្តថា៖ រាល់បញ្ហាដែលបានលើកឡើងរបស់បងប្អូនអាជ្ញាធរ របស់យើងពិតជាបានដឹងនិងមានវិធានការ មួយចំនួនរួចហើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនឹងធ្វើការដោយស្រាយជាបន្តបន្ទាប់ទៀត ពោលគឺអ្វីដែលដោះស្រាយបានយើងដោះស្រាយភ្លាម ហើយអ្វីដែលដោះស្រាយមិនបានភ្លាមយើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។ លោកបន្ដថា៖  រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕

ដោយ ៖ សំរិត


ចែករំលែក៖