ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានចុះឃាត់ខ្លួនបុរសជាប្តី ក្រោយប្រើអំពើហិង្សាលើប្រពន្ធឱ្យរងរបួសធ្ងន់ ព្រោះតែខឹងប្រពន្ធសុំលែង។
របាយការណ៍ដដែលបន្តថា កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី០៣ ខែតុលាម្សិលមិញនេះ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (តំណាងដើមបណ្ដឹងជាម្ដាយ) ថាមានករណីហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) លើជនរងគ្រោះជាប្រពន្ធឈ្មោះ ផេង ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចក្រុមទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបណ្តាលឱ្យរបួសស្នាមជាច្រើនកន្លែងគឺ៖
-ស្នាមជាំ ខ្នង
-ហើមកញ្ចឹងក
-ពកក្បាលពីក្រោយ
-ហើមកំពួនដៃខាងឆ្វេង និង ដើមដៃខាងស្ដាំ ។
ក្រោយពីទទួលបណ្តឹងភ្លាម អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យឈ្មោះ រុឺន សុខប៊ុន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាប្តីមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរខ្លួនបានសារភាពថា ពិតជាបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះជាប្រពន្ធពិតប្រាកដមែន ដោយសារមូលហេតុខឹងប្រពន្ធសុំលែង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី