ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងយោធភូមិភាគទី៤ និងសហការី ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃកងទ័ពបង់ក្លាដេស មកបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤

ចែករំលែក៖

ខេត្ត​សៀមរាប៖ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៅរសៀល​ថ្ងៃ​​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការ យោធភូមិភាគទី៤ និងសហការី កាលពីព្រឹកមិញនេះ​ បានទទួលបដិសណ្ឋារកិច្ចគណ:ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃកងទ័ពបង់ក្លាដេស មកបំពេញទស្សនកិច្ចនៅ បញ្ជាការដ្ឋានយោធភូមិភាគទី៤។ ដឹកនាំដោយឧត្តមសេនីយ៍ត្រី អាប៊ុល ហាសណាត ម៉ូហាម៉ាត់ តារីក ប្រធានគ្រូហ្វឹកហ្វឺន នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ចូលជួបពិភាក្សា និងសម្តែងការគួរសម។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី អាប៊ុល ហាសណាត ម៉ូហាម៉ាត់ តារីក បានលើកឡើងពីគោលបំណងការធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីប្រទេសកម្ពុជា ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នកងយោធពលខេមរភូមិន្ទ។

ឧត្ដមសេនីយ៍ទោ អេង ហឿង បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស និងបានលើកឡើងពីសភាពការណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ត្រី អាប៊ុល ហាសណាត ម៉ូហាម៉ាត់ តារីក បានសម្ដែងសេចក្តីរីករាយ និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ក្នុងនោះកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនេះ។

សូមបញ្ជាក់ថា​ សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលអនាគត ឧត្តមសេនីយ៍ត្រី ប្រធានគណៈប្រតិភូ បានរំពឹងថានឹងកាន់តែមានភាពប្រសើរ ដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគីជាមួយគ្នាបន្ថែមទៀត៕

ដោយ​៖សហការី​


ចែករំលែក៖