ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

ចែករំលែក៖

ខេត្ត​តាកែវ/កំពង់ធំ ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ ទំនិញវេចខ្ចប់ស្រេច ទំនិញឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខត្រូវបានមន្ត្រីជំនាញ ក.ប.ប. ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានាដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ស្ថិតក្នុងទីផ្សារសំខាន់ៗនៃខេត្តខាងលើនេះ។ 

ប្រភព​ដដែល​បន្តថា​ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង កាលពីថ្ងៃទី៣ ខែតុលាម្សិលមិញនេះ​ មន្ត្រីជំនាញពុំបានរកឃើញទំនិញមានសារធាតុគីមីដាក់តាំងលក់នោះទេ យ៉ាងណាមិញ បានរកឃើញទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២១គីឡូក្រាម។ 

ជាមួយគ្នានោះ​ ទំនិញទាំងអស់នេះត្រូវបានមន្ត្រីជំនាញដកហូត និងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនមានអនុលោមភាព ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

គួរម្លឹកដែរថា​ កាលពីពេលថ្មីៗនេះ​ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ​របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ​ ជាក់ស្ដែង​រកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់​នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ។

ក្រោយពីមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំង​ដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់៕

ដោយ​៖សហការី​


ចែករំលែក៖