ភ្នំពេញ ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់និងផ្គររន្ទះ បណ្ដាលឲ្យដើមឈើចំនួន០៦ដើមដែលដាំអមសងខាងផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបាក់រាបដល់ដី ព្រមទាំងសង្កត់លើឡំប្រឺតាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ហើយម្ចាស់ឡំប្រឺតារងរបួសស្រាល ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ០៧ និង៣០នាទីយប់ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចមុខខ្លោងទ្វារវត្តវិហារឃួន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ឡំប្រឺតាមានឈ្មោះ ហេង គឹមសាធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅទីរួមខេត្តកំពង់ឆ្នាំង បើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង1J.9327 ។
បើតាមសម្ដីរៀបរាប់របរម្ចាស់ឡំប្រឺតា បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បើកឡំប្រឺតា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចមកកើត ក្នុងល្បឿនយឺតៗ ។ ខណៈមេឃកំពុងភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះបាញ់ផងនោះ ស្រាប់តែមានដើមឈើចំនួន០៦ដើមបានបាក់រៀបដល់ដី ក្នុងនោះមានដើមឈើមួយដើមបានបាក់ សង្កត់លើឡំប្រឺតារបស់គាត់ បណ្ដាលឲ្យគាត់ត្រូវក្បាល ពកបន្តិចបន្តួច។ ចំណែកឯឡំប្រឺតាវិញគឺរងការខូចខាតផ្នែកខាងលើយ៉ាងដំណំ។
ក្រោយពីកើតហេតុ ម្ចាស់ឡំប្រឺតាបានសំណូមពរដល់សាលារាជធានីភ្នំពេញ មេត្តាជួយដោះស្រាយ នូវការខូចខាត ឡំប្រឺតារបស់គាត់ផង ពីព្រោះឡំប្រឺតារបស់គាត់បង់រំលស់នៅពីរឆ្នាំទៀត ទើបបានដាច់ ដោយរូបគាត់ខ្វះខាតថវិកាក្នុងការជួសជុល ៕
ដោយ ៖ ភារ៉ា ដង្កោ