ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តTacoma បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបុរស៣នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតជិះរថយន្តToyoTa Tacoma  មួយគ្រឿងខណៈមេឃកំពុងភ្លៀងក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសទាំង៣នាក់។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១០និង ៤០ នាទីយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសពីរនាក់ទៀតបើករថយន្តToyota Tacoma មួយគ្រឿងពណ៌ស្ករ ពាក់ផ្លាកលេខកំពង់ស្ពឺ2A-8330 ធ្វើដំណើរទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសទាំងបីនាក់។ ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

 

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖