ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះរថយន្តសាំយ៉ុងដែលកំពុងដឹកតុ កៅអីតាមដងផ្លូវយ៉ាងសន្ធោសន្ធៅ និងបានឆ្លងឆេះរាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៦៥ ត្រង់ចំណុចជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីអ្នកបើករថយន្តរងគ្រោះបានឱ្យដឹងថា រូបគាត់រួមដំណើរជាមួយគ្នា២នាក់បានបើករថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿងដឹកតុកៅអីពេញរថយន្ត ចេញពីខេត្តតាកែវ យកមកឱ្យម៉ូយនៅរាជធានីភ្នំពេញ។ ខណៈគាត់បើកមកដល់ចំណុចកើតហេតុស្រាប់តែមានភ្លើងឆាបឆេះចេញពីខាងក្រោមរថយន្តយ៉ាងខ្លាំង ភ្លាមៗនោះពួកគាត់ទាំងបីនាក់បានឈប់រថយន្តហើយយកទឹកសុទ្ធបួនដប់ដបមកចាក់ពន្លត់ដែរតែមិនរលត់ និងឆេះកាន់ខ្លាំងឡើងៗ។ ដោយពួកគាត់មិនដឹងរកអ្នកណាឱ្យជួយបានព្រោះយប់ស្ងាត់ ទើបគាត់រត់ចេញពីរថយន្តស្រែកឱ្យគេជួយផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកបាញ់ពន្លត់ ហើយពេលកំពុងបាញ់ពន្លត់នោះមិនទាន់រលត់ផងក៏រាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀតអស់ប្រហែល៥០% ចំណែករថយន្តសាំយ៉ុងឆេះម៉ត់ទាំងតុនិងកៅអី ទើបភ្លើងរលត់ទៅវិញ។
ក្នុងឧបទ្ទហេតុគ្រោះអគ្គិភ័យនេះ កម្លាំងការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០៦គ្រឿងទើបបាញ់រលត់ទាំងស្រុងហើយរាល់ការខូចខាតតុ កៅអី រួមទាំងរថយន្តអស់ខ្ទង់រាប់ម៉ឺនដុល្លារ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ៕
ដោយ ៖ ភារ៉ា ដង្កោ