ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចជំនាញចាប់បញ្ជូនខ្លួនឈ្មួញជួញដូរគ្រឿងញៀន២នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីដោយធ្វើការចាប់ខ្លួនឈ្មួញរកស៊ីជួញដូរគ្រឿងញៀនចំនួន២នាក់ និងរឹបអូសថ្នាំញៀនបានជិត២គីឡូក្រាម ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយបានបញ្ជូនជនសង្ស័យទៅកាន់តុលាការនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។ 

    សូមជម្រាបថា កាលពីថ្ងៃទី២៩  ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយរងការិយាល័យទី៥ និងមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនចំនួន២គោលដៅផ្សេងគ្នា និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ត្រូវបានគេស្គាល់ថាជាប្អូនប្រុសរដ្ឋលេខា ធិការក្រសួងមួយ ។ 

    ប្រតិបត្តិកាតបង្ក្រាបនោះគឺគោលដៅទី១ធ្វើនៅចំណុចតាមបណ្តោយផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម ។ គោលដៅទី២នៅចំណុចបណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន១កញ្ចប់ធំ ។

ជនសង្ស័យទាំង២នាក់នោះម្នាក់ឈ្មោះ ម៉ាន់ វ័ន្តភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ ឆ្នាំ ។ 

    វត្ថុតាងដែលសមត្ថកិច្ចចាប់យកមាន សារធាតុញៀនប្រភេទ កេតាមីន (KETAMINE)ទម្ងន់សុទ្ធ១គីឡូ ៨៤១.៩០ក្រាម (ជិត២គីឡូក្រាម) ។  

    បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីហើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖