ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តស្ទឹងត្រែងដកហូតម៉ូតូ ៣៤គ្រឿងពីទីតាំងបញ្ចាំ៦កន្លែង, ប្រជាពលរដ្ឋដែលបាត់អាចយកឯកសារផ្ទៀងផ្ទាត់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះបានប្រកាសឱ្យប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូប្រមាណជាង៣០គ្រឿងដែលកំពុងដាក់តម្កល់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ប្រសិនបើស្គាល់និងមានអត្តសញ្ញាណត្រឹមត្រូវ ឯកសារទិញលក់ ពិតជាម្ចាស់ម៉ូតូ ដែលបានបាត់កន្លងមក សមត្ថកិច្ចនឹងប្រគល់ជូន។

    លោកឧត្តមសេនីយទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ម៉ូតូនេះសមត្ថកិច្ចដកហូតបានពីគោលដៅទទួលបញ្ចាំនៅក្នុងក្រុងស្ទឹងត្រែង ដែលមានការដឹកនាំដោយអយ្យការអមសាលាដំបូងខេត្ត អាជ្ញាធរក្រុងចុះត្រួតពិនិត្យលើម៉ូតូបញ្ចាំ និងបានផ្ទៀងផ្ទាត់ឯកសារលើទីតាំងចំនួន៦ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

     លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា ទីតាំងទទួលបញ្ចាំមានចំនួន៦ កន្លែងគឺ១-ទីតាំងទទួលបញ្ចាំរបស់ក្រុម ហ៊ុន អិល អេស ធី ដកហូតបានម៉ូតូចំនួន ២៨គ្រឿង, ២-ទីតាំង ឈ្មោះ វិចិត្រ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់/ក្រុង/ខេត្តស្ទឹង ត្រែង,  ៣-ទីតាំងបញ្ចាំរបស់ឈ្មោះ រឹម ស៊ីផាន់ ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង មានម៉ូតូចំនួន៣គ្រឿងមានឯកសារបញ្ចាំ,  ៤-ទីតាំងរបស់ឈ្មោះសាក់ រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រែក សង្កាត់ ក្រុង-ខេត្តស្ទឹងត្រែង មានម៉ូតូម៉ាកវ៉េវ ចំនួន២គ្រឿង មានសំបុត្រទិញលក់ ប៉ុន្តៃពុំមានពន្ធត្រូវនគរបាលដកហូតផងដែរ។ ចំណែកទីតាំងពីរកន្លែងផ្សេងទៀតពុំបានរកឃើញមានម៉ូតូបញ្ចាំនោះទេ។

     លោកឧត្តមសេនីយទោបន្តថា ក្រោយពីបានដករហូតម៉ូតូមក សមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ហើយបានផ្សព្វផ្សាយជូនដំណឹងទៅប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមកសូមយកឯកសារមកផ្ទៀងផ្ទាត់ បើត្រឹមត្រូវថាជាម៉ូតូរបស់ខ្លួនហើយនឹងត្រូវបានទទួលយកម៉ូតូត្រឡប់ទៅវិញ  ចំណែកម៉ូតូដែលពុំមានម្ចាស់ត្រូវបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ។

គួរបញ្ជាក់ថា កន្លងមកនៅខេត្តស្ទឹង ត្រែងមានបងប្អូនប្រជាពលរដ្ឋបាត់ម៉ូតូជាច្រើនគ្រឿងមកហើយ ដែលមិនសូវបានរកឃើញទេ។ ដោយឡែកចំពោះការចុះត្រួតពិនិត្យទីតាំងទិញលក់និងទទួលបញ្ចាំនេះ  ប្រជាពលរដ្ឋយើងសាទរណាស់ ព្រោះវាជាយន្តការមួយអាចទប់ស្កាត់បានការលួចម៉ូតូកុំឱ្យកើតមានទៀត   ហើយបងប្អូនប្រជាពលរដ្ឋដែលស្គាល់ម៉ូតូរបស់ខ្លូននឹងបានយកត្រឡប់ទៅវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖