ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យម្នាក់និងរំដោះបានស្ត្រីរងគ្រោះជាជនជាតិចិនពាក់ព័ន្ធករណីឃុំឃាំងនិងបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះថា ជនសង្ស័យជាជនជាតិចិនមានឈ្មោះ វ័ង សុី តុង អាយុ៣៩ឆ្នាំមានទីលំនៅទីក្រុងណេមុងគួ ប្រទេសចិនដោយសមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង៤រសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០២២នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះលី ហ្ស៊ាន ភេទស្រី ជនជាតិចិន អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងឈុងឈីង ប្រទេសចិន។
នៅចំពោះមុខសមត្ថកិច្ចជនរងគ្រោះបានបំភ្លឺថា កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ មានជនជាតិចិនចំនួន៤នាក់បានចាប់រូបខ្លួនយកមកឃុំ ហើយគំរាមឱ្យទូរស័ព្ទទៅផ្ទះដើម្បីឱ្យវេរលុយ ចំនួន៨០០០ដុល្លារទើបឱ្យរួចខ្លួន។
បន្ទាប់ពីបានចម្លើយហើយ សមត្ថកិច្ចបានដាក់កម្លាំងនៅទីតាំងនោះដើម្បីឃ្លាំមើលមុខសញ្ញារហូតដល់ម៉ោង៤និង៣០នាទីរសៀលទើបឃើញជនសង្ស័យបើករថយន្ត០១គ្រឿងជិះចូលទីតាំងនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យរួមទាំងរថយន្ត១គ្រឿងពាក់ស្លាកលេខភ្នុំពេញ2AJ-៣៣៨៩ មកសាកសួរ។
ជនសង្ស័យឈ្មោះ វ័ង សុី តុង បានឆ្លើយដោះសាថា ខ្លួនបានស្គាល់នារីរងគ្រោះតាមរយៈការលេងល្បែងជាមួយគ្នា ហើយបានធ្វើការបដិសេធមិនបានចាប់ឃុំនោះទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបន្តតាមច្បាប់៕
ដោយ៖ សុថាន