ព័ត៌មានទាន់ហេតុការណ៍៖

បរាជ័យរបស់ Barcelona ធ្វើឱ្យក្រុមនេះស្ថិតក្នុងគ្រោះថ្នាក់នៃក្របខ័ណ្ឌChampions League

ចែករំលែក៖

លោក Xavi បាននិយាយថា ក្រុម Barcelona របស់គាត់បានរង “អយុត្តិធម៌” បន្ទាប់ពីការចាញ់ ១-០ នៅទឹកដីក្រុម Inter Milan បានធ្វើឱ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចេញពីវគ្គបន្តបន្ទាប់គ្នាជាលើកទី២នៅក្នុងក្របខ័ណ្ឌ Champions League ។

គ្រាប់បាល់១គ្រាប់​របស់កីឡាករ Hakan Calhanoglu នៅ​ក្នុងចុង​តង់​ទី​មួយ​បាន​ធ្វើ​ឱ្យ Inter ទទួល​ជ័យ​ជម្នះលើក្រុម Barcelona។ ហើយក្រុម Barcelona ក៏មានឱកាសរកបាន១គ្រាប់ដែរ នៅ​ពេល Pedri ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី២ ប៉ុន្តែ​វា​ត្រូវ​បាន​អាជ្ញាកណ្តាលឆែកមើល​វីដេអូ​ជំនួយ​ការក៏សម្រេចមិនឲ្យគ្រាប់បាល់បញ្ចូលទីតែម្តង។

ការ​ចាញ់​ធ្វើ​ឱ្យ Barcelona ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ពូល C ដោយ​តាម​ពី​ក្រោយ Inter Milan ៣​ពិន្ទុ។ វាជារាត្រីនៃភាពចម្រូងចម្រាសនៅឯកីឡដ្ឋាន San Siro ពីការសម្រេចចិត្តរបស់ VAR ដែលជាឧប្បត្តិហេតុដ៏គួរឱ្យកត់សម្គាល់កើតឡើងនៅពេលដែល Pedri បានតាមស្មើនៅនាទី៦៧បន្ទាប់ពីអ្នកចាំទី Andre Onana ជួយសង្គ្រោះមិនបាន។

ទោះជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Barcelona កីឡាករ Fati បានលើកដៃរបស់គាត់ហើយបាល់ត្រូវ ម្រាមដៃ ហើយពេលនោះគ្រាប់បាល់ត្រូវបានច្រានចោលតាមរយៈ VAR ហើយអ្នកចាត់ការក្លិប Barcelona លោក Xavi ត្រូវបានប្រតិកម្មទៅកាន់អាជ្ញាកណ្តាល។

លោក Xavi បាននិយាយថា “អាជ្ញាកណ្តាលគួរតែនៅក្រៅទីនេះដើម្បីពន្យល់ពីមូលហេតុដែលគាត់ធ្វើការសម្រេចចិត្តទាំងនេះ ប្រសិនបើគាត់ធ្វើខុសឬអត់។ ថ្ងៃនេះខ្ញុំពិតជាមិនសប្បាយចិត្ត ខ្ញុំមានអារម្មណ៍ថាមានភាពអយុត្តិធម៌ពិតប្រាកដ”។

បរាជ័យនេះបានធ្វើឲ្យក្រុម Barcelona ឈរក្នុងចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុម Bayern Munich ឈរចំណាត់ថ្នាក់លេខ១មាន៩ពិន្ទុពេញ, ក្រុម Inter Milan ឈរចំណាត់ថ្នាក់លេខ២ មាន៦ពិន្ទុ និងក្រុមបាតតារាង Viktoria Plzen ឈរចំណាត់ថ្នាក់លេខ៤ ពូល C ក្នុង៣ប្រកួតដូចគ្នា ៕

 

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖