ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលអាមេរិកមានបំណុលសាធារណៈរហូតដល់ទៅ៣១ពាន់ពាន់លានដុល្លារ

ចែករំលែក៖

ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ខែតុលា ឆ្នាំ២០២២ បំណុលសាធារណៈរបស់អាមេរិកបានកើនឡើងដល់ទៅ៣១ពាន់ពាន់លានដុល្លារ ដែលជាបំណុលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
តាមតួលេខរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បំណុលអាមេរិកសរុបមាន31.123.887.781.401, 34 USD (ជាង៣១ពាន់ពាន់លានដុល្លារ)។ ក្នុងអំឡុងពេលប្រធានាធិបតីអាមេរិកបច្ចុប្បន្នឡើងកាន់អំណាចនៅខែមករាឆ្នាំ២០២១ បំណុលសាធារណៈអាមេរិក មានត្រឹមតែជាង២៧,៧ពាន់ពាន់លានដុល្លារប៉ុណ្ណោះ។
តំណាងរាស្ត្រអាមេរិកមកពីរដ្ឋតិចសាស់ លោក Chip Roy បានបង្ហាញពីក្តីបារម្ភនៅលើបណ្តាញ Twitter របស់ខ្លួនថា «កាលពី៥ឆ្នាំមុន បំណុលសាធារណៈរបស់អាមេរិកមានតែ ២១ពាន់ពាន់លានដុល្លារប៉ុណ្ណោះ តែពេលនេះបានកើនឡើងខ្ពស់»។
បំណុលសាធារណៈរបស់អាមេរិក មាន១៩,៩ពាន់ពាន់លានដុល្លារ ក្នុងពេលដែលលោកដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ២០១៧។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បំណុលរបស់អាមេរិកបានកើនឡើងខ្ពស់ ដោយសារតែធនាគារកណ្តាលអាមេរិកបន្ថែមប្រាក់ដើម្បីទប់ទល់ជាមួយកូវីដ-១៩ ។
ក្នុងចំណោមបំណុលសាធារណៈទាំងនោះ មានបំណុលលើពលរដ្ឋអាមេរិក២៤ពាន់ពាន់លានដុល្លារ។ ជាមួយគ្នានេះដែរ បំណុលបរទេស មានជាង៧ពាន់ពាន់លានដុល្លារ ក្នុងនោះមានទាំងប្រទេសចិនដែលជាម្ចាស់បំណុលរបស់អាមេរិកផងដែរ ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ TTXVN)


ចែករំលែក៖