ខេត្តកំពង់ធំ ៖ ខ្នងផ្ទះទី២១៤ ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារយេនឌ័រជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនឹងអាជ្ញាធរដែនដីបានប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ត្រី ខេង សារិន អាយុ ៦៣ឆ្នាំ បានរៀបរាប់ថា គាត់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានធ្លាក់ខ្លួនពិការដោយសារសង្គ្រាមក្នុងពេលប្រយុទ្ធនៅក្នុងសមរភូមិឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនៅឆ្នាំ១៩៩២។ គាត់មានភរិយានិងកូននៅក្នុងបន្ទុកគ្រួសារសរុបចំនួន៤នាក់ ហើយគាត់ធ្លាក់ខ្លួនមានជំងឺមិនអាចប្រកបមុខរបរអ្វីបាន និងមិនមានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឱ្យបានសមរម្យនោះទេ ដោយសារមានជីវភាពលំបាកខ្វះខាត បច្ចុប្បន្នរស់នៅភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជនគឺជាអ្នកធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីខ្នងទី២១៤ នៅពេលនេះលោកឧត្តមសេនីយ៍ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់បន្ថែមទៀតដែលក្នុងនោះមានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអុីវចំនួន២យូរ សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ និងថវិកាមួយចំនួនទៀតផងដែរ។
លោក ខេង សារិន អតីតយុទ្ធជនពិការ និងក្រុមគ្រួសារបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយដោះស្រាយរាល់ការលំបាកខ្វះខាតជូនពួកគាត់ និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ បានជួបតែនឹងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ កែវមន្នី