ខេត្តពោធិ៍សាត់ ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៦ និង៣៥នាទីថ្ងៃទី០៤ ខែតុលាម្សិលមិញនេះ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ មោក ភារម្យ អធិការ នៃអធិការនគរបាលស្រុកក្រគរ បានបញ្ជាក់នៅព្រឹកថ្ងៃពុធទី០៥ ខែតុលា ឆ្នាំ២០២២នេះថា ៖ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកអធិការបានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ធ្វើការចុះបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុង យ៉យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ កំរិតវប្បធម៌ថ្នាក់ ទី៣ថ្មី មានមុខរបរមិនពិតប្រាដក មានលំនៅបច្ចុប្បន្នភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៥កញ្ចប់ ទម្ងន់ ៩.៥៦ ក្រាម (ថ្លឹងទាំងសំបក)
-សម្ភារៈសម្រាប់ជក់គ្រឿងញៀន ១កំភ្លេរ
-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំ ចំនួន ០១គ្រឿង
-ថង់ប្លាស្ទិកសម្រាប់រំលែកថ្នាំញៀនមួយចំនួន ។
លោកអធិការបន្តថា បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីបញ្ជូន ៕
ដោយ៖ អរុណរះ