ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ខឹមជា សាខឿន មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ភីសានុ សារ៉ាក់ធី សេនានុព័ន្ធយោធា នៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា ទើបបញ្ចប់អាណត្តិ ចូលជម្រាបលា និង លោកវរសេនីយ៍ឯក កន វរ៉ានុន សេនានុព័ន្ធយោធាថ្មី ចូលជួបសម្តែងការណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ថ្លែងក្នុងជំនួបនេះ លោកសេនានុព័ន្ធយោធាថៃបញ្ចប់អាណត្តិ បានជម្រាបជូន មេបញ្ជាការរងកងទ័ពជើងគោក អំពីលទ្ធផល និងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសកម្រិតកងទ័ពជើងគោក បានឈានទៅដល់ការសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ គឺការចុះហត្ថលេខាលើលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការ (ToR) នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ លោកក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការជិតស្និទ្ធនេះ មានភាពយូរអង្វែង ទៅមុខទៀត។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ខឹមជា សាខឿន បានសម្តែងនូវការអរគុណដល់លោកវរសេនីយ៍ឯក ភីសានុ សារ៉ាក់ធី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល ធ្វើយ៉ាងណាពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពទាំងពីរក្នុងការបន្តថែរក្សា និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការស្តីទីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានសាទរ និងស្វាគមន៍ចំពោះលោកសេនានុព័ន្ធយោធាថៃប្រចំានៅកម្ពុជាថ្មី ក្នុងការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងថែមទៀតទាំងការហ្វឹកហ្វឺន ការផ្លាស់ប្តូរទស្សនកិច្ច និងលំហាត់នានា ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំងបន្តជំរុញការអនុវត្ត ToR នៃកងទ័ពជើងគោកទាំងពីរ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជាពិសេសការរៀបចំឱ្យមានសកម្មភាពរួមគ្នាកាន់តែច្រើនឡើងថែមទៀត នៅក្នុងក្របខ័ណ្ឌវិសាលភាពនៃ ToR នេះ។
ជាចុងក្រោយ លោក មេបញ្ជាការស្តីទី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនថៃ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងការជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយក៏សូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕
ដោយ ៖ សហការី