ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងអាចនឹងធ្វើឲ្យដំឡូងមីរាប់ពាន់ហិកតាក្នុងស្រុកវ៉ារិននិងស្រុកស្រីស្នំខេត្តសៀមរាបរងការខូចខាត

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត សៀមរាបក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានត្រៀមពូជស្រូវ និងគ្រាប់​បន្លែ​ច្រើនប្រភេទ ដើម្បីចែកជូនកសិករសម្រាប់ដាំដុះឡើង វិញក្រោយពីទឹកជំនន់។ មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា ដំឡូងមីក្នុងទំហំរាប់ពាន់ហិកតា ក្នុងស្រុកវ៉ារិននិងស្រុកស្រីស្នំអាចខូចខាតដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដសៀមរាបឱ្យដឹងថា រហូតមកដល់ពេលនេះ ​ដោយសារតែបន្ត មាន​ភ្លៀងធ្លាក់ខ្លាំងហូរចុះពីតំបន់ជួរភ្នំដងរែក ​ធ្វើឱ្យទឹកនៅតែហក់ឡើងខ្ពស់នៅឡើយ នៅក្នុង​ស្រុកស្រីស្នំ របស់ខេត្តសៀមរាប ​ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ ជំនន់ដែលកំពុងជន់លិចជាច្រើនថ្ងៃមកហើយនោះ ​អាចនឹងធ្វើឱ្យដំឡូង មីជាច្រើនពាន់ហិកតា នៅស្រុកវ៉ារិន និងស្រុកស្រីស្នំ អាចខូចខាត​ ខណៈដែលស្រុកចំនួន៧ផ្សេងទៀត ដែលទឹកកំពុង​ជន់លិចដំណាំស្រូវដែរនោះ អាចមិនទាន់ ​ខូចខាតនៅឡើយទេ។

លោកប្រធានមន្ទីរបានឱ្យដឹងថា ដោយសារ​តែខេត្ត សៀមរាប ​កំពុងរងគ្រោះដោយទឹកជំនន់នេះ គឺ​គណៈ កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានត្រៀមទុកពូជស្រូវ ​គ្រាប់បន្លែជាច្រើនប្រភេទ​ រួមទាំងថ្នាំសម្លាប់ សត្វផងដែរ ដើម្បីចែក​ជូនដល់កសិករឱ្យបង្កបង្កើនផលឡើងវិញ ​បន្ទាប់ពីទឹកជំនន់បានស្រកអស់។ បន្ថែមលើនេះ​ មន្ទីរកសិកម្ម ក៏បានត្រៀមវ៉ាក់សាំង ​និងថ្នាំបង្ការ ​ដើម្បីចុះចាក់ និងព្យាបាលសត្វ ជូនកសិករផងដែរ។

មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ​នៃរដ្ឋ បាលខេត្តសៀមរាប បាន​បង្ហាញថា ​តាំងតែពីថ្ងៃទី១៧ ​ខែកញ្ញា រហូតដល់ពេលនេះ ​ជំនន់ទឹកភ្លៀងក្នុងខេត្ត សៀមរាបបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពល រដ្ឋចំនួនជាង ២៥០០០គ្រួសារ,ភូមិចំនួន៣២៥,ឃុំចំនួន ៦៣ នៃស្រុកចំនួន៩ រួមមាន៖ ស្រុកស្រីស្នំ,ក្រឡាញ់,ជីក្រែង,អង្គរជុំ,វ៉ារិន,ពួក,សូទ្រនិគម,ប្រាសាទបាគង និងស្រុកអង្គរធំ។

គ្រោះធម្មជាតិនេះធ្វើឱ្យប៉ះពាល់ស្រូវពង្រោះទំហំជាង ៣២០០០ហិកតា,ដំឡូងមី ជាង៤០០០ហិកតា និង​ហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើនផ្នែក ដូចជា ​លិច​បរិវេណ​ផ្ទះ​កម្រិតស្រាល​ជាង ៦៨០០ខ្នង និងធ្ងន់ ​ចំនួន២៩ខ្នង លិចផ្លូវ ​ប្រវែងជាង១៦៣ពាន់ម៉ែត្រ​ និងខូចខាតប្រវែងជាង៥ពាន់ម៉ែត្រ លិចខ្នងទំនប់​ ខ្នងប្រឡាយ​ ប្រវែងជាង២១ពាន់ម៉ែត្រ ​និងខូចខាតប្រវែង៩៥ម៉ែត្រ។ លិចស្ពាន៣កន្លែង និងខូចខាត​ ប្រវែង១៦ម៉ែត្រ។ ​ទឹកជំនន់ បានសម្លាប់សត្វគោ១ក្បាល និង​បណ្ដាលឱ្យសត្វមាន់​ និងទាងាប់ ​ចំនួន ៦៧៦ក្បាល៕

ដោយ៖ សូរិយា


ចែករំលែក៖