សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២បានផ្សាយថា ក្រសួងព្យាការណ៍អាកាសធាតុថៃបានព្រមានថាអាចនឹងមានទឹកជន់លិចទ្រង់ទ្រាយធំនៅរាជធានីបាងកក ហើយនិងកន្លែងដទៃទៀត នៃតំបន់ភាគកណ្តាលប្រទេស ដោយសារតែការធ្លាក់ភ្លៀង។
ទីក្រុងបាងកកបានរងការជន់លិចខ្លះៗ ចាប់តាំងពីតែពីថ្ងៃទី៣ខែតុលាមកម្ល៉េះ ដោយសារតែការធ្លាក់ភ្លៀងខ្លាំង ប៉ុន្តែវាបានថមថយទៅវិញនៅតាមតំបន់ភាគច្រើននៃទីក្រុង គិតត្រឹមថ្ងៃទី៥ខែតុលានេះ។ ចំណែកនៅផ្នែកជាច្រើននៃប្រទេសថៃ គឺបាននិងកំពុងស្ថិតក្រោមការលិចលង់រួចស្រេច ចាប់តាំងពីសំណល់នៃព្យុះត្រូពិក ណូរូ (Noru) ដែលបានធ្វើដំណើរឆ្លងកាត់ហ្វីលីពីន និងវៀតណាមបោកបក់មកដល់ថៃកាលពីចុងសប្តាហ៍កន្លងមក នៃខែកញ្ញាកន្លងទៅនេះ។
ទីភ្នាក់ងារគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានអះអាងថា មកទល់ពេលនេះ ប្រជាជនច្រើនជាង៤១,០០០គ្រួសារ និងខេត្តយ៉ាងហោចចំនួន២២នៅបន្តរងការប៉ះពាល់ដោយសារទឹកជំនន់នៅឡើយ ប៉ុន្តែស្ថានការណ៍ហាក់បានប្រសើរឡើង នៅតាមទីក្រុងមួយចំនួនតូច ដូចជាឈៀងម៉ៃជាដើម។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើទស្សនកិច្ចទៅកាន់ខេត្ត ខនខែន (Khon Kaen) និងខេត្តឧប៊ុនរ៉ាឆាថានី (Ubon Ratchathani) ហើយបានសន្យាផ្តល់ជំនួយនិងប្រាក់ឧបត្ថម្ភដល់ប្រជាជនដែលត្រូវបានជម្លៀសទៅកន្លែងជ្រកកោនសុវត្ថិភាព បន្ទាប់ពីទឹកទន្លេព្រះចន្ទ (Moon River) បានកើនឡើងខ្លាំង រហូតដល់បង្កការលិចលង់ក្នុងតំបន់៕
រូបថត ៖ VOV.VN
ដោយ៖ ធីរីណា(រូបថត : nhandan.vn)