ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅអគាររដ្ឋបាលចៅពញាហុក លោកបណ្ឌិត ឌី ខាំបូលី ប្រធានឧត្តមមន្រ្ដីសហគមន៍សង្គម-វប្បធម៌អាស៊ាន (SOCA Chair) បានដឹកនាំកិច្ចប្រជុំឧត្តមមន្រ្ដីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ ដោយមានការចូលរួមពីលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (SOCA Leaders) ទាំង ៩ប្រទេសផ្សេងទៀត និងតំណាងអចិន្ត្រៃយ៍របស់សហគមន៍សង្គម-វប្បធម៌អាស៊ាន តាមរយៈប្រព័ន្ធអនឡាញ។
សកម្មភាពនៃកិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗចំនួន០៤ រួមមាន៖
១. ការពិនិត្យលើបញ្ហាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំឧត្តមមន្រ្ដីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣២ និងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧ កាលពីខែមីនា ឆ្នាំ២០២២ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធនានា រួមមាន៖ ការរាយការណ៍អំពីស្ថានភាពនៃការអនុវត្តផែនការមេសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ (ASCC Blueprint 2025) និងកិច្ចការរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានដែលមានលក្ខណៈឆ្លងវិស័យ និងឆ្លងសសរស្ដម្ភ។
២. ការពិនិត្យ និងពិភាក្សាអំពីភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា និងឯកសារលទ្ធផលសម្រាប់ដាក់ជូនថ្នាក់ដឹកនាំកំពូលអាស៊ានធ្វើការពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៣គឺ៖ (១) វឌ្ឍនភាពនៃចំណុចអាទិភាព គំនិតផ្តួចផ្តើម ព្រមទាំងព្រឹត្តិការណ៍អម របស់សហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ (២) វឌ្ឍនភាពនៃឯកសារលទ្ធផលសម្រាប់ដាក់ជូនថ្នាក់ដឹកនាំកំពូលអាស៊ានដើម្បីអនុម័ត និងកត់ត្រា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដោយនៅក្នុងនោះ ឯកសារលទ្ធផលសម្រាប់អនុម័តមានចំនួន ១១ឯកសារ និងឯកសារលទ្ធផលសម្រាប់កត់ត្រាមានចំនួន ២0ឯកសារ និង (៣) បញ្ហាឆ្លងសសរស្តម្ភ។
៣. ការត្រៀមលក្ខណៈ និងការរៀបចំសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលផ្តោតលើចំណុចសំខាន់ៗចំនួន៤គឺ៖ (១) ការពិនិត្យ និងពិភាក្សាលើរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (២) ការពិនិត្យ និងពិភាក្សាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (៣) ការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់ដាក់ជូនក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន និង (៤) ការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់ដាក់ជូនថ្នាក់ដឹកនាំកំពូលក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។
៤. ការរាយការណ៍អំពី កាលបរិច្ឆេទ និងទីតាំង សម្រាប់កិច្ចប្រជុំឧត្តមមន្រ្ដីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៤ (34th SOCA Meeting) និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៩ (29th ASCC Meeting) ដោយប្រទេសឥណ្ឌូណេស៊ី ដែលនឹងត្រូវធ្វើជាប្រធាននៅឆ្នាំ ២០២៣។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំឧត្តមមន្រ្ដីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ គឺជាកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (28th ASCC Council Meeting) ៕
ដោយ ៖ សហការី