ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រ៊ីដ ពាក់ស្លាកលេខ នគរបាលបើកបុកម៉ូតូសណ្ដោងរុឺម៉កធ្វើឱ្យដាច់ចេញពីគ្នា និងបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដមួយគ្រឿងធ្វើដំណើរក្នុងល្បឿនលឿន ហើយរេចង្គូតទៅបុកម៉ូតូសណ្ដោងរុឺម៉កដឹកអីវ៉ាន់ពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កដាច់ជាពីរខ្ទាតទៅចិញ្ចើមផ្លូវធ្វើឱ្យរងរបួសធ្ងន់ស្រាលមនុស្សអ្នកជិះរុឺម៉ក៣នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃពុធ ទី៥ ខែ តុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ នគរបាល2-0989 ធ្វើដំណើរពីជើងទៅត្បូងបោះពួយយ៉ាងលឿន ហើយក៏បានរេចង្កូតមកខាងឆ្វេងដៃចូលចំណីខាងម៉ូតូសណ្ដោងរុឺម៉កដឹកអីវ៉ាន់ដែលបើកបរនិងរួមដំណើរដោយយុវជន៣នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កដាច់ជាពីរប៉ើងអូសជាច្រើនម៉ែត្រ និងធ្វើឱ្យអ្នកជិះលើម៉ូតូសណ្ដោងរុឺម៉ករងរបួសធ្ងន់ស្រាល៣នាក់ ។ 

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់ប្រមាណជាង១០០ម៉ែត្រទៀតទើបរថយន្តទៅមុខលែងរួច ហើយម្ចាស់ចុះពីរថយន្តរត់គេចខ្លួនបាត់ទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូសណ្ដោងរុឺម៉ករងគ្រោះទៅរក្សាទុករង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖