ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តToyota Rush គេចពីម៉ូតូជ្រុលចង្កូតឡើងលើខឿនផ្លូវទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា ពេញទំហឹងបណ្តាលឱ្យរថយន្តខ្ទេចមួយកំណត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត​ Toyota Rush មួយគ្រឿងខណៈមេឃកំពុងភ្លៀងនិងបានគេចពីម៉ូតូជ្រុលចង្កូតឡើងលើខឿនផ្លូវបន្តទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទេចមួយកំណត់មុខ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានអាកាស៥មករា ចំហៀងស្ពាន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Toyota Rush មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2BI-4377ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំហៀងស្ពាន ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងក៏រេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនផ្លូវបន្តទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឱ្យរថយខ្ទេចមួយកំណត់មុខរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ចំណែកបង្កាន់ដៃស្ពានមិនមានរងការខូចខាតនោះទេ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកឱ្យចុះមកដល់កន្លែងកើតហេតុ ។ ដោយពិនិត្យជាក់ស្ដែងឃើញខូចខាតតែរថយន្ត ឯបង្កាន់ដៃស្ពានមិនមានរងការខូចខាតនោះ សមត្ថកិច្ចក៏បានប្រគល់រថយន្តឱ្យទៅម្ចាស់វិញទៅ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖